រាជធានីបាងកក៖ ក្រោយពេលព្យួរមុនតំណែងនាយករដ្ឋមន្ដ្រីរបស់លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា កាលពីខែមុន តាមសំណើរបស់ក្រុមតំណាងរាស្រ្ដ មកពីគណបក្សប្រឆាំង សុំបកស្រាយអាណត្ដិ នៃការកាន់តំណែងកំពូល រយៈពេល៨ឆ្នាំរបស់គាត់រួចមក តុលាការធម្មនុញ្ញថៃ នឹងចេញសេចក្ដីសម្រេច នៅចុងខែនេះ។
សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ថា តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃពុធ បានកំណត់យកថ្ងៃទី៣០ ខែកញ្ញា ដើម្បីចេញសេចក្ដីសម្រេចរបស់ខ្លួន លើអាណត្តិកាន់តំណែងជានាយករដ្ឋមន្ដ្រីរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ថាតើគាត់នឹងត្រូវបញ្ចប់រយៈពេល៨ឆ្នាំតាមច្បាប់រដ្ឋធម្មនុញ្ញកំណត់ ឬ ក៏អាចកាន់តំណែងបន្ដទៀត។
លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារ រឹបអូសអំណាច នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ហើយក្រោយមក គាត់បានបង្កើតរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ មុនពេលជាប់ឆ្នោត ក្លាយជានាយករដ្ឋមន្រ្ដីស៊ីវិល។ ឥឡូវ លោក ប្រាយុទ្ធ ត្រូវបានតុលាការធម្មនុញ្ញថៃ ព្យួរមុខតំណែង ហើយកំពុងតែពិចារណាលើសំណុំរឿង តាមបណ្ដឹងរបស់ក្រុមសមាជិកសភា មកពីគណបក្សប្រឆាំង សុំបកស្រាយ អំពីអាណត្ដិ នៃការកាន់តំណែងរបស់គាត់ រយៈពេល៨ឆ្នាំស្របតាមច្បាប់រដ្ឋធម្មនុញ្ញថៃ។
ក្រោយពេលតុលាការធម្មនុញ្ញ បានព្យួរតំណែងនាយករដ្ឋមន្ដ្រីថៃ ពីលោកឧត្ដមសេនីយ៍ ប្រាយុទ្ធ រួចមក ឧបនាយករដ្ឋមន្រ្ដីទី១របស់គាត់ គឺលោកឧត្តមសេនីយ៍ ប្រាវិត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) ក៏ក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ ដឹកនាំរដ្ឋាភិបាលបន្ដ រហូតដល់មានការសម្រេចជាថ្មី ពីតុលាការ។ ប៉ុន្ដែមុនពេលមានការព្យួរតំណែងរបស់លោក ប្រាយុទ្ធ នោះ ប្រជាពលរដ្ឋថៃ បានចេញមុខមកធ្វើបាតុកម្មយ៉ាងផុលផុស ដើម្បីទាមទារឲ្យគាត់លាលែង ចេញពីមុខតំណែង។
ក្រុមសមាជិកសភា មកពីគណបក្សប្រឆាំង បានដាក់ញត្ដិរបស់ពួកគេ ទៅកាន់លេខាធិការដ្ឋានរដ្ឋសភា ដើម្បីបញ្ជូនទៅកាន់តុលាការធម្មនុញ្ញដោយបានលើកឡើង ថា លោក ប្រាយុទ្ធ ចាន់អូចា បានកាន់តំណែង ជានាយករដ្ឋមន្រ្ដី គម្រប់រយៈពេល៨ឆ្នាំគត់ ត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ព្រោះគាត់បានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្ដី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ ក្រោមច្បាប់រដ្ឋធម្មនុញ្ញចូលជាធរមាន ក្រោយការធ្វើរដ្ឋប្រហារ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។
តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានព្យួរមុខតំណែងនាយករដ្ឋមន្រ្ដីរបស់លោក ប្រាយុទ្ធ តាមបណ្ដឹងរបស់តំណាងរាស្រ្ដ មកពីគណបក្សប្រឆាំង ដែលបានស្នើសុំឲ្យតុលាការ បកស្រាយ អំពីអាណត្ដិរយៈពេល៨ឆ្នាំរបស់គាត់។ បើតាមមាត្រា ១៥៨ នៃរដ្ឋធម្មនុញ្ញថៃ នាឆ្នាំ ២០១៧ ចែងថា «នាយករដ្ឋមន្រ្ដី នឹងមិនអាចកាន់តំណែង សរុប លើសពីរយៈពេល៨ឆ្នាំ បើទោះជាកាន់ ឬមិនកាន់តំណែងជាប់ៗគ្នាក៏ដោយ ប៉ុន្ដែក៏មិនត្រូវរាប់បញ្ចូល រយៈពេលនាយករដ្ឋមន្ត្រីបំពេញមុខងារ បន្ទាប់ពីចាកចេញពីតំណែងនោះដែរ»។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសថៃកំពុងតែស្ថិតនៅក្រោមសម្ពាធ សម្រាប់ការបញ្ចប់ភាពមិនច្បាស់លាស់ លើការដឹកនាំរបស់ខ្លួន មុនពេលមេដឹកនាំពិភពលោក អញ្ជើញមកដល់ទីក្រុងបាងកក ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APEC នៅខែវិច្ឆិកា៕រក្សាសិទ្ធិដោយ ៖សារាយSN


















