Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាល បន្តរក្សាស្ថេរភាពកំណើនល្អប្រសើរ

ភ្នំពេញ៖ រាជរដ្ឋាភិបាល ទទួលបានការចុះបញ្ជីអាជីវកម្មតាមឌីជីថល កើនឡើងក្នុងរង្វង់ពី ៧០០ ទៅ ៨០០ក្រុមហ៊ុន ក្នុងនោះការចុះបញ្ជីលើវិស័យអចលនទ្រព្យ និងអាជីវកម្មលើយានយន្តមានភាពលេចធ្លោជាងគេ។

នេះជាការលើកឡើងរបស់ឯកឧត្តម តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោកាលពី ពេលថ្មីៗនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយមួយស្តីអំពី “ថ្នាលគ្រឹះឌីជីថលកម្ពុជា” នៅរាជធានីភ្នំពេញ។

ការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជា ទទួលបានក្រុមហ៊ុន ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុម័តរួច មានចំនួន ១៤.៦៧៦ក្រុមហ៊ុន គិតជាដើមទុនសរុបមានចំនួនជិត ២០ពាន់ប៊ីលានរៀល ឬប្រមាណជាង ៤.៦៧០ លានដុល្លារអាមេរិក។

ឯកឧត្តម តាំង ងួនលី បានបន្តថា ការធ្វើទំនើបកម្មសេវាសាធារណៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយក្របខណ្ឌនេះ សំដៅធ្វើយ៉ាងណា ធ្វើបដិវត្តកម្មឌីជីថល ឲ្យបានមុនឆ្នាំ ២០៣៥ ដូច្នេះកម្ពុជា ត្រូវមានមូលដ្ឋានមួយនៃការធ្វើបដិវត្តកម្មនេះ ដើម្បីទាញយកប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម បានបន្ថែមទៀតថា ជុំវិញការអនុវត្តប្រព័ន្ធឌីជីថលនេះ ក្រសួង-ស្ថាប័ននីមួយៗគឺមានប្រព័ន្ធនេះជាយូរមកហើយ ប៉ុន្តែប្រព័ន្ធទាំងអស់នោះមិនទាន់ភ្ជាប់គ្នា ដូច្នេះការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល គឺដើម្បីភ្ជាប់គ្នាជាប្រព័ន្ធរួមមួយរបស់ជាតិ ជាក់ស្តែងចំពោះក្រសួង-ស្ថាប័នដែលតភ្ជាប់រួច ក្នុងនោះសម្រាប់និន្នាការនៃការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ក្នុងមួយខែៗ ទទួលបានការចុះបញ្ជីអាជីវកម្មក្នុងរង្វង់ប្រមាណ ៧០០ ទៅ ៨០០ក្រុមហ៊ុន ដោយរក្សានូវកំណើនស្ថេរភាពល្អប្រសើរ ដែលជាការចូលរួមចំណែកកាន់តែសំខាន់ និងផ្តល់ភាពកាន់តែងាយស្រួលដល់វិនិយោគិន ជាពិសេសវិនិយោគិននៅក្រៅប្រទេស ក្នុងការចុះបញ្ជីវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា បើយោងតាមឯកឧត្តម តាំង ងួនលី ស្នូលសំខាន់នៃការធ្វើបដិវត្តកម្មឌីជីថលមានគោលដៅចំនួនពីរ គឺទិន្នន័យ និងថ្នាលឌីជីថល ដែលកន្លងមកគណៈកម្មធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃស្ថាប័នសម្របសម្រួល បានរៀបចំថ្នាលមួយចំនួនរួចហើយ ដើម្បីគាំទ្រដល់វិស័យរដ្ឋ និងឯកជន អាចថ្ពក់ចូលគ្នា ដើម្បីក្លាយជានវានុវត្តន៍ សម្រាប់ជាប្រយោជន៍នៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងនៅក្នុងវិស័យរបស់រាជរដ្ឋាភិបាលផងដែរ៕

×