អាមេរិក ៖ បើតាមកំណត់ហេតុមួយរបស់សេតវិមានបញ្ជូនឱ្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយឱ្យដឹងថា លោក ចូ បៃដិន បានអនុម័តការផ្ដល់កញ្ចប់ជំនួយយោធាបន្ថែមដោយប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី ឬ Presidential Drawdown Authority ដែលអនុញ្ញាតឱ្យប្រធានាធិបតីអនុម័តលើការបញ្ជូនអាវុធយកចេញពីឃ្លាំងស្ដុកអាវុធរបស់សហរដ្ឋអាមេរិក ទៅជួយអ៊ុយក្រែនដែលមានតម្លៃទឹកប្រាក់រហូតដល់ ៦០០លានដុល្លារអាមេរិក។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីនេះ មានទំហំទឹកប្រាក់ ៦០០លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។
កញ្ចប់ជំនួយយោធាខាងលើរបស់អាមេរិកនេះ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS, ហើយបើតាមកំណត់ហេតុសេតវិមាន កញ្ចប់ជំនួយនេះ ក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាលយោធាផងដែរ ខណៈមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា បានបញ្ជូនអាវុធក្នុងទំហំទឹកប្រាក់ ១៥.១ពាន់លានដុល្លារហើយចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងរុស្ស៊ី-អ៊ុយក្រែន។
គួរបញ្ជាក់ថា ដឹកនាំដោយសហរដ្ឋអាមេរិក សហភាព អឺរ៉ុប បានប្រកាសពង្រីកការដាក់ ទណ្ឌកម្មជុំទី៣របស់ខ្លួន ដោយភាគច្រើនសំដៅលើពួក អភិជន និង មន្ត្រីរុស្ស៊ី ដែលជិតស្និទ្ធនឹង ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដោយសារការឈ្លានពានរបស់ក្រុងមូស្គូ លើទៅលើប្រទេស អ៊ុយក្រែន។
ក្រុម ប្រឹក្សា អឺរ៉ុប ដែល មាន ប្រទេស បារាំង ជាប្រធានបានបញ្ជាក់ថា ក្រៅពីដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រព័ន្ធធនាគារដ៏តឹងរ៉ឹងនោះ ជាបន្តបន្ទាប់ការដាក់ទណ្ឌកម្ម ថ្មី បានបន្ថែមលើ ពួកមេដឹកនាំ និងអភិជនរុស្ស៊ី ក៏ ដូចជា សមាជិកក្រុមគ្រួសារ របស់ពួកគេ ដែលភ្ជាប់ទៅនឹងការឈ្លានពាន របស់រុស្ស៊ី ទៅលើអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







