Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ប្រាប់អាមេរិកថា ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ជាការដើរហួសបន្ទាត់ក្រហម

អ៊ុយក្រែន ៖ ចៀសវាងសង្គ្រាមរីកកាន់តែធំ ក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកសម្រេចផ្គត់ផ្គង់ដល់ទីក្រុងកៀវ នូវប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ នោះវានឹងឆ្លង «បន្ទាត់ក្រហម» ដែលនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ក្លាយជា «ភាគីនៃជម្លោះមួយ» នៅអ៊ុយក្រែន ហើយវាមិនខុសពីការចេញមុខធ្វើសង្គ្រាមនៅពីក្រោយអ៊ុយក្រែនប្រឆាំងរុស្ស៊ីនោះទេ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា រុស្ស៊ី «រក្សាសិទ្ធិការពារទឹកដីរបស់ខ្លួន» ហើយប្រសិនបើទីក្រុងវ៉ាស៊ីនតោនសម្រេចផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ទីក្រុងកៀវ ទៀតនោះ វាអាចនិយាយបានថា ជាការដើរហួសខ្សែបន្ទាត់ក្រហម ដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយទៅជាភាគីផ្ទាល់នៃជម្លោះនេះដែរ។

គួរបញ្ជាក់ថា បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មី គឺលោកប្រើសិទ្ធិប្រធានាធិបតីអនុម័តកញ្ចប់ជំនួយយោធា (Presidential Drawdown Authority) មានទំហំទឹកប្រាក់ ៦០០លានដុល្លារអាមេរិក ជួយដល់អ៊ុយក្រែនប្រឆាំងរុស្ស៊ី។

កញ្ចប់ជំនួយយោធាខាងលើរបស់អាមេរិកនេះ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ដែលបាញ់រយៈចម្ងាយឆ្ងាយ, ហើយបើតាមកំណត់ហេតុសេតវិមាន កញ្ចប់ជំនួយនេះ ក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាលយោធាផងដែរ ខណៈមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា បានបញ្ជូនអាវុធក្នុងទំហំទឹកប្រាក់ ១៥.១ពាន់លានដុល្លារហើយចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងរុស្ស៊ី-អ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×