Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ ចូរប្រញាប់ដោះដៃចេញពីមនុស្សពពួកនេះ មុនពេលជីវិតរបស់អ្នកកាន់តែយ៉ាប់ខ្លាំងឡើង

១-មនុស្សប៉ិនច្រណែនឈ្នានីស ឃើញនរណាល្អជាងខ្លួនមិនបាន

ពេលយើងនៅជិតមនុស្សប្រភេទនេះ យើងច្រើនតែមានអារម្មណ៍ថា មានថាមពលអវិជ្ជមានសាយភាយចេញមក និងធ្វើឱ្យយើងមានអារម្មណ៍ភ័យរន្ធត់ទៅជាមួយដែរ ហើយជីវិត ពិបាកនឹងរករឿងល្អៗឃើញណាស់ ហើយវានឹងរឹតតែធ្វើឱ្យជីវិតរបស់យើង គ្មានសេចក្ដីសុខទៅតាមនោះដែរ។

២-មនុស្សដែលចូលចិត្តតែស្ដីបន្ទោស និងជាន់បន្ថែមអ្នកដទៃ

ជាមនុស្សដែលពេលឃើញអ្នកដទៃដួលរលំហើយ ច្រើនតែដើរកន្លង ឬក៏យ៉ាប់ជាងហ្នឹងទៅទៀត គឺជាន់ពីលើបន្ថែមទៀត។ មនុស្សបែបនេះ មិនដែលមានបំណងល្អចំពោះនរណាម្នាក់ឡើយ ក្រៅពីភាពស្អប់ខ្ពើម។ បើយើងនៅក្បែរមនុស្សប្រភរទនេះ យើងនឹងជ្រួតជ្រាបចរិតនិស្ស័យ និងទស្សនគតិអន់ៗយ៉ាប់ៗទាំងនោះ រហូតធ្វើឱ្យយើងក្លាយជាមនុស្ស ដែលមិនគួរឱ្យចូលក្បែរដូចគ្នា។

៣-មនុស្សដែលល្អតែនឹងមុខ តែក្រោយខ្នងនិយាយដើមយើង

មនុស្សបែបនេះ គ្មានភាពស្មោះត្រង់ជាមួយនរណាម្នាក់ឡើយ យកអ្វីល្អៗដាក់ខ្លួន តែអាក្រក់ៗលើកឱ្យអ្នកដទៃ នាំឱ្យតែយើងក្ដៅក្រហាយលំបាកទៅជាមួយដែរ។ បើយើងនិយាយរឿងអ្វីមួយឱ្យគេស្ដាប់ហើយ ចុងក្រោយគេក៏នឹងយករឿងនោះ ទៅនិយាយដើមយើងប្រាប់អ្នកដទៃ ដូចដែលគេចូលចិត្តនិយាយដើមអ្នកដទៃ ប្រាប់យើងដូចគ្នាដែរ។

៤-មនុស្សដែលនិយាយក្រឡិចក្រឡុច រកជឿមិនបាន

មនុស្សដែលមិនរក្សាពាក្យសម្ដី ពិតជាគ្មានអ្វីគួរឱ្យជឿទុកចិត្តឡើយ គេនឹងមិនទទួលខុសត្រូវអ្វីទាំងអស់ចំពោះពាក្យសម្ដីរបស់គេ មិនថារឿងអ្វីក៏ដោយ។ យើងមិនគួរខាតពេលវេលាជាមួយមនុស្សបែបហ្នឹងឡើយ។

៥-មនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង

មនុស្សប្រភេទនេះ មានតែបង្កើតបញ្ហា ពេលខ្លះបញ្ហាតូចតាច ក៏នឹងក្លាយជារឿងធំ ព្រោះប្រើតែអារម្មណ៍ ឱ្យដឹកនាំជីវិតក្នុងការរស់នៅ។ បើជាមនុស្សចិត្តក្ដៅខ្លាំងផងនោះ អ្នកដែលនៅក្បែរគេ អាចនឹងរងគ្រោះថ្នាក់ទៅជាមួយដែរមិនខាន។ ដូច្នេះ ចូរនៅឱ្យឆ្ងាយពីមនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនេះ គឺជាការប្រសើរបំផុត។

៦-មនុស្សមិនពិតប្រាកដ ឡេះឡោះ មិនចេះសម្រេចចិត្តដោយខ្លួនឯង

មនុស្សបែបនេះនឹងសាងតែក្ដីលំបាកដល់អ្នកជុំវិញខ្លួន។ ពេលត្រូវការចម្លើយ ដែលច្បាស់លាស់ពិតប្រាកដ គេអាចផ្លាស់ប្ដូរពាក្យសម្ដីចុះឡើងបានជានិច្ច។ បើសិនជាយើងទៅសន្យាអ្វីមួយជំនួសគេ ជាមួយអ្នកដទៃ ហើយចុងក្រោយគេប្ដូរចិត្តនោះ វានឹងក្លាយជារូបយើង ដែលត្រូវបាត់បង់ទំនុកចិត្តពីអ្នកឯទៀត។ ដូច្នេះ គួរនៅឱ្យឆ្ងាយពីមនុស្សចិត្តឡេះឡោះមិនពិតប្រាកដបែបនេះ។

៧-មនុស្សដែលវក់ ឬងប់នឹងអ្វីៗគ្រប់យ៉ាង

មនុស្សបែបនេះនឹងធ្វើឱ្យមនុស្សនៅក្បែរខ្លួន បានទទួលតែថាមពលអវិជ្ជមាន។ បើយើងនៅជាមួយមនុស្សបែបហ្នឹង នឹងធ្វើឱ្យយើងក្លាយជាមនុស្សដែលសម្លឹងមើលអ្វីៗជុំវិញខ្លួនក្នុងន័យអវិជ្ជមានដែរ។ សេចក្ដីសុខក្នុងជីវិត នឹងថយចុះភ្លាមតែម្ដង ហើយនឹងធ្វើឱ្យអ្នកដទៃ មិនចង់ចូលក្បែរទៀតផង។

៨-មនុស្សដែលគ្មានភាពស្មោះត្រង់

មនុស្សដែលគ្មានភាពស្មោះស្ម័គ្រ និងស្មោះត្រង់ចំពោះអ្នកណា ពិតជាមិនគួរសេពគប់ឡើយ ព្រោះមនុស្សបែបនេះ ច្រើនតែចូលមក ដើម្បីនឹកសង្ឃឹមតែផលប្រយោជន៍ យើងលែងមានផលប្រយោជន៍ពេលណា គេត្រៀមខ្លួនជាស្រេច ក្នុងការកៀសយើងចោលជានិច្ច។

៩-មនុស្សដែលចូលចិត្តសាងបន្ទុកឱ្យអ្នកដទៃ

មិនដែលគិតចេះជួយខ្លួនឯងសោះឡើយ ចាំតែសុំជំនួយពីអ្នកឯទៀតគ្រប់ពេលវេលា។ មនុស្សបែបនេះពឹងពាក់មិនបានឡើយ ព្រោះខ្នាតរូបគេខ្លួនឯងម៉េច នៅត្រូវពឹងអ្នកដទៃ? ហើយនៅពេលយើងត្រូវការជំនួយមែនទែននោះ យើងនឹងមិនដែលបានទទួលពីមនុស្សប្រភេទនេះឡើយ មានតែនឹងក្លាយជាការដាក់បន្ទុកបន្ថែមឱ្យយើងទៅទៀត។
យើងតែងតែបានជួបនឹងមនុស្សគ្រប់ប្រភេទ គ្រប់បែបយ៉ាង តែបើសិនជួបនឹងមនុស្សប្រភេទខាងលើនោះ ចូរកុំខាតពេលវេលា និងអារម្មណ៍របស់យើងជាមួយនឹងការសេពគប់មនុស្ស ដែលមិនបានធ្វើឱ្យជីវិតយើងល្អប្រសើរឡើងនោះអី។ យើងអាចធ្វើឱ្យជីវិតរបស់យើងល្អប្រសើរឡើងបាន ទោះជាគ្មានមនុស្សទាំងនោះក៏ដោយ ហើយអាចនឹងល្អប្រសើរជាងទៀតផង ដែលមិនមានមនុស្សបែបនោះនៅក្នុងជីវិត៕

×