ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) បានសន្យាប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគី ឱ្យបានក្នុងអាណត្តិបេសកកម្មរបស់លោកស្រី។

ការសន្យានេះ ធ្វើឡើងនាឱកាសដែលលោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ជួបសម្ដែងការគួរសមជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្ទាប់ពីលោកស្រី ទទួលបេសកកម្មថ្មីជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានលើកឡើងពីការជំរុញឱ្យមានបណ្ណទេសចរណ៍ពណ៌បៃតង (Green Pass) ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការស្នើសុំទិដ្ឋការចេញ/ចូលរបស់ភ្ញៀវទេសចរ ក៏ដូចជាការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា ភាគីកម្ពុជា-តួកគី ឯកភាពគ្នាជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខារួចរាល់នៅប្រទេសតួកគី កាលពីឆ្នាំ២០១៨ និងបានរៀបចំក្រុមការងារអនុវត្តរួចហើយដែរ ដើម្បីធ្វើយ៉ាងណាអនុវត្តឱ្យបានប្រសិទ្ធភាព ផ្លែផ្កា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ឯកឧត្តម ថោង ខុន បានបន្ថែមថា កិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍នោះ គឺផ្ដោតលើការជំរុញចលនាទេសចរទៅវិញទៅមក ពិសេសគឺការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-តួកគី។ ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ គឺសុទ្ធតែអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ដូច្នេះការចុះចតយន្តហោះដែលមកពីតួកគីនោះគឺមិនមែនជាបញ្ហាឡើយ។
កម្ពុជា-តួកគី សុទ្ធតែចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត និងចង់ឱ្យមានចលនាទេសចរទៅមកកើនឡើង។ លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ បានកោតសរសើរអំពីភាពល្អប្រសើរនៃការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅកម្ពុជា ការគោរពបាននូវវិធានការសុខាភិបាលរបស់ប្រជាជនកម្ពុជា ការយកចិត្តទុកដាក់ចំពោះសុខភាព/អាយុជីវិតរបស់ប្រជាជន តាមរយៈគោលនយោបាយចាក់ស្រោចវ៉ាក់សាំង និងការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩របស់រាជរដ្ឋាភិបាល។
លោកស្រី ក៏ពេញចិត្តជាខ្លាំងចំពោះភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា គឺដូចការផ្សព្វផ្សាយនៅក្រៅប្រទេសពិតមែន។ លោកស្រី បានបង្ហាញអារម្មណ៍មានភាពកក់ក្ដៅ មានសុវត្ថិភាពក្នុងការមករស់នៅនិងបំពេញបេសកកម្មនៅកម្ពុជានេះ ហើយមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ពិសេសតំបន់បេតិកភណ្ឌអង្គរ។
គួរបញ្ជាក់ថា បើតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតតួកគី អំពីស្ថានភាពទេសចរណ៍កម្ពុជា ដែលកំពុងងើបឡើងវិញបណ្ដើរៗ តាមរយៈការខិតខំស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ប្រការនេះ បានជំរុញឱ្យកម្ពុជា ទទួលបានភ្ញៀវអន្តរជាតិជិត ១លាននាក់ (កើនឡើង ៧២០%) ត្រឹមរយៈពេល៨ខែឆ្នាំ២០២២នេះ៕