រុស្ស៊ី ៖ ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីសប្ដាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ថាអ៊ុយក្រែនកំពុងព្យាយាមធ្វើសកម្មភាពភេរវកម្ម និងបង្កការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៉ី។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយដកស្រង់សម្ដីប្រធានាធិបតីរុស្ស៉ី លោក ពូទីន និយាយថា «យើងពិតជាបានអត់ធ្មត់ក្នុងការចាត់វិធានការឆ្លើយតបតាំងតែពីដើមទី មកម្ល៉េះ… ប្រសិនបើស្ថានការណ៍នៅតែបន្តវិវត្តន៍ក្នុងទិសដៅបែបនេះតទៅទៀត នោះការឆ្លើយតប នឹងត្រូវធ្វើឡើងយ៉ាងធ្ងន់ធ្ងរបំផុត»។
លោក ពូទីន ថ្លែងថា ផែនការយោធារបស់លោក នៅអ៊ុយក្រែនកំពុងដើរទៅមុខសន្សឹមៗ ដោយរុស្ស៉ីនឹងសម្រេចគោលដៅរបស់ខ្លួនតាមផែនការ បើទោះ ជាអ៊ុយក្រែនកំពុងរីកចម្រើនទៅមុខក្នុងការវាយដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញក៏ដោយ, ហើយថា គោលដៅចម្បងនៃសង្រ្គាមនៅអ៊ុយក្រែននោះ គឺការរំដោះតំបន់ដុនបាស់ទាំងមូល ជាទីដែលសម្បូរទៅដោយប្រជាជននិយាយភាសារុស្ស៉ី។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារនៅក្នុងតំបន់ខឺសុន ម៉ៃកូឡេវ ខាកៀវ និងតំបន់ដូណេត ខណៈកងកម្លាំងអ៊ុយក្រែនបានបរាជ័យក្នុងការដឹកនាំការវាយលុក នៅក្បែរទីក្រុង ប្រាវឌីណេ (Pravdyne) នៃតំបន់ខឺសុន។
បើតាមក្រសួងការពារជាតិរុស្ស៉ី ឱ្យដឹងថា អ៊ុយក្រែនបានបា.ញ់គ្រាប់ផ្លោងនៅក្បែររោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៉ីយ៉ា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន បើទោះជាកម្រិតសារធាតុវិទ្យុសកម្មនៅក្បែររោងចក្រនេះស្ថិតក្នុងកម្រិតធម្មតាក៏ដោយ, ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានបដិសេធថាកងកម្លាំងអ៊ុយក្រែនមិនបានដឹកនាំការវា.យប្រ.ហារ នៅក្បែររោងចក្រនេះឡើយ។
បញ្ហានៅអ៊ុយក្រែន ត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា រុស្ស៉ី និងអ៊ុយក្រែន បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកជារឿយៗពីការវាយប្រហារនៅក្បែររោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៉ីយ៉ា ខណៈទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានអនុម័តលើដំណោះស្រាយមួយដោយស្នើឱ្យរុស្ស៉ីបញ្ចប់ការគ្រប់គ្រងរបស់ខ្លួនលើរោងចក្រនេះ។
ជាមួយគ្នានេះ កាលពីសប្តាហ៍មុនអ៊ុយក្រែន បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីមកវិញ ជាពិសេសនៅក្នុងតំបន់ភាគខាងត្បូង និងភាគឦសាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

















