រុស្ស៉ី ៖ ក្រសួងការបរទេសចិន បានឱ្យដឹងថា លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolai Patrushev) លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី នឹងត្រូវចូលរួមកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខយុទ្ធសាស្ត្រចិន-រុស្ស៉ី ជុំទី១៧ ព្រមទាំងកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់សន្តិសុខរវាងចិន និងរុស្ស៉ី កំលុងដំណើរទស្សនកិច្ចរបស់លោក ចំនួន ២ថ្ងៃនៅប្រទេសចិន ដែលចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ។
កិច្ចប្រជុំទាក់ទងទៅនឹងសន្តិសុខរវាងចិន និងរុស្ស៉ី នេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជួបពិភាក្សាគ្នានៅប្រទេសអ៊ូសបេគីស្ថានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដែលជាជំនួបទល់មុខលើកដំបូងបំផុតរវាង មេដឹកនាំទាំង២ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីចុងខែកុម្ភៈមក, ប៉ុន្តែមេដឹកនាំកំពូលទាំងពីរនេះ ក៏ធ្លាប់ជួបសន្ទនាគ្នាម្ដងរួចមកហើយដែរ កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារបស់ក្រុងប៉េកាំង។
ស្ដីពី លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolai Patrushev) លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី វិញ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី រូបនេះ នឹងបើកកិច្ចសន្ទនាពិគ្រោះយោបល់ជាមួយភាគីចិន ស្ដីពីបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិ ប៉ុន្តែត្រង់ថា មានផែនការបែបណាទៅលើបញ្ហាអ៊ុយក្រែន និងតៃវ៉ាន់ គេមិនអាចដឹងបានឡើយ។
គេគ្រាន់តែដឹងថា មកទល់នឹងពេលនេះ ចិនមិនបានថ្កោលទោសសង្រ្គាមរបស់រុស្ស៉ីឈ្លានពានទៅលើអ៊ុយក្រែនឡើយ ហើយក៏មិនបានហៅសង្រ្គាមនេះថា ជាការឈ្លានពាននោះដែរ ក្នុងបរិបទដែលរុស្ស៉ី និងលោកខាងលិច កំពុងប្រឈមមុខដាក់គ្នាខ្លាំងបំផុត មិនធ្លាប់មានចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។
ស្ដីពីមិត្តភាពស្និទ្ធស្នាល ជួយគ្នាទៅវិញទៅមក បែបប្រឆាំងនឹងសម្ពាធសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបវិញ គេបានឃើញសញ្ញាមួយ ដែលរុស្សី និងចិន បានចាប់ដៃគ្នាយ៉ាងមាំមួន ដូចជា ក្នុងពេលអង្គុយទល់មុខគ្នា នាឱកាសចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង កាលពីខែកុម្ភៈកន្លងទៅនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីជោគជ័យនៃការមកដល់ «យុគសម័យថ្មី» នៅក្នុងទំនាក់ទំនងអន្តរជាតិ។
ខណៈក្រុមប្រទេសលោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិក នាំគ្នាធ្វើពហិការការទូតប្រឆាំងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារបស់ទីក្រុងប៉េកាំង និងនៅចំពោះមុខវិបត្តិនៅអ៊ុយក្រែន លោក ស៊ី ជិនពីង និងលោក ពូទីន បានបង្ហាញពីចក្ខុវិស័យរួមគ្នាចំពោះ «សណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ» ដែលដើរតាមគន្លងប្រយោជន៍នៃប្រទេសទាំង២ និងលែងស្ថិតក្រោមការគ្រប់គ្រងដោយលោកខាងលិចតទៅទៀត។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមានជាង ៥,០០០ពាក្យ មេដឹកនាំទាំង២ ក៏បានប្រកាសផងដែរពី «ទំនាក់ទំនងគ្មានព្រំដែន» ក៏ដូចជាកាន់តែបង្ហាញជំហររួមប្រឆាំងសហរដ្ឋអាមេរិក។ «ពិភពលោកកំពុងធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្ដូរមួយដ៏សំខាន់ នោះគឺការកែប្រែ និម្មាបនកម្មអភិបាលកិច្ចសាកល និងសណ្ដាប់ធ្នាប់ពិភពលោក»។ នេះ គឺជាការគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់លោក ស៊ី ជិនពីង និងលោក ពូទីន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











