Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក បញ្ជូននាវាផ្ទុកយន្ដហោះទៅកាន់កូរ៉េខាងត្បូង ដើម្បីទប់ទល់ការគំរាមកំហែងពីក្រុងព្យុងយ៉ាង

រដ្ឋធានីសេអ៊ូល៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុះយន្ដហោះចម្បាំងដ៏ទំនើបរបស់ខ្លួន ទៅកាន់ប្រទេសកូរ៉េខាងត្បូង ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៨មក សម្រាប់រក្សាសន្ដិភាព និង ស្ថិរភាព ទប់ទល់នឹងការគំរាមកំហែង ពីកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា ក្រុមមន្រ្ដីរបស់ក្រុងវ៉ាស៊ីនតោន និង ក្រុងសេអ៊ូល បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា នាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក នឹងមកដល់ប្រទេសកូរ៉េខាងត្បូង នៅសប្ដាហ៍នេះ ដើម្បីចូលរួម ធ្វើសមយុទ្ធយោធា ជាលើកដំបូងរបស់ខ្លួន នៅក្នុងរយៈពេលប្រហែល៤ឆ្នាំកន្លងមកនេះ ស្របពេលសម្ពន្ធមិត្ត កំពុងតែស្វែងរកការដាក់ពង្រាយ «ទ្រព្យសម្បត្តិជាយុទ្ធសាស្ត្រ» ដែលមានសមត្ថភាពដើរដោយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក សម្រាប់ការរារាំងដល់ប្រទេសកូរ៉េខាងជើង។

កងទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា នាវាផ្ទុកយន្ដហោះ USS Ronald Reagan នឹងមកដល់មូលដ្ឋានកងទ័ពជើងទឹក ស្ថិតក្នុងទីក្រុងកំពង់ផែប៊ូសាន (Busan) នាភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ខាងមុខនេះ។

សេចក្ដីថ្លែងការណ៍ដដែលនោះ បានបញ្ជាក់ ថា «តាមរយៈការធ្វើសមយុទ្ធរួមគ្នានេះ កងទ័ពជើងទឹករបស់ប្រទេសទាំងពីរ គ្រោងនឹងពង្រឹងនូវការត្រៀមខ្លួនខាងយោធារបស់ពួកគេ និងបង្ហាញ អំពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ សម្រាប់សម្ពន្ធមិត្តកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដើម្បីរក្សានូវសន្តិភាព និងស្ថិរភាព នៅលើឧបទ្វីបកូរ៉េ»។

កូរ៉េខាងជើង កាលពីមុន បានថ្កោលទោស ដល់ការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក និង ការធ្វើសមយុទ្ធរួមគ្នា ថា នេះជាការហ្វឹកហាត់សម សម្រាប់សង្គ្រាម និង បង្ហាញភស្តុតាង អំពីគោលនយោបាយអរិភាព បង្កឡើង ដោយក្រុងវ៉ាស៊ីនតោន និង សេអ៊ូល ប្រឆាំងនឹងក្រុងព្យុងយ៉ាង។ នាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាមេរិក USS Ronald Reagan នឹងមកដល់ប្រទេសកូរ៉េខាងត្បូង ជាលើកទី១ ចាប់តាំងពីឆ្នាំ២០១៨មក។ នៅឆ្នាំនោះ សម្ពន្ធមិត្តទាំង២នេះ បានកាត់បន្ថយសកម្មភាពយោធារួមគ្នា ជាច្រើនរបស់ពួកគេ ចំពេលមានកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីចូលរួមជាមួយកូរ៉េខាងជើង។

ជំងឺរាតត្បាត កូវីដ-១៩ បានកាត់បន្ថយការធ្វើសមយុទ្ធបន្ដទៀត រហូតមកដល់ឆ្នាំ២០២២ នៅពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយូល (Yoon Suk-yeol) បន្តធ្វើសមយុទ្ធរួមជាច្រើនលើក និង ការបង្ហាញ អំពីអំណាចយោធាផ្សេងទៀត ដោយការព្រមាន ដល់ប្រទេសកូរ៉េខាងជើង ខណៈកាលពីដើមឆ្នាំនេះ បានធ្វើតេស្តមីស៊ីល ជាកំណត់ត្រា ក្រោយបរាជ័យ នៅក្នុងការចរចាបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាង ឱ្យបញ្ចប់អាវុធនុយក្លេអ៊ែរ និង ការអភិវឌ្ឍមីស៊ីល។

ក្រុមអ្នកសង្កេតការណ៍ បានអះអាងថា ក្រុងព្យុងយ៉ាង ហាក់ដូចជា កំពុងតែរៀបចំ សម្រាប់បន្តការសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧ មក។

សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានថ្កោលទោស អំពីគោលលទ្ធិនុយក្លេអ៊ែរប្រើលើកជាដំបូងរបស់កូរ៉េខាងជើង ដែលបានបង្ហាញ នៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ថា វាជា «ការកើនឡើង និង អស្ថិរភាព» ។ ក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាបន្តដាក់ពង្រាយ និង អនុវត្តទ្រព្យសម្បត្តិជាយុទ្ធសាស្ត្រ ដើម្បីរារាំង និង ឆ្លើយតប ប្រឆាំងនឹងក្រុងព្យុងយ៉ាង…៕រក្សាសិទ្ធិដោយ ៖ សារាយSN

×