Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិមានក្រឹមឡាំង ចាត់ទុកការអះអាងពីឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ុយក្រែន ជាប្រឌិត

រដ្ឋធានីកៀវ៖ ក្រោយពេល អាជ្ញាធរអ៊ុយក្រែន បានរកឃើញសាកសព ចំនួន៤៥០នាក់ នៅក្នុងរណ្ដៅរាប់រយកន្លែង នៅជាយទីក្រុងអ៊ីហ្ស៊ីម (Izium) នោះមក វិមានក្រឹមឡាំង បានចាត់ទុកការចោទប្រកាន់ មកលើទាហានរុស្ស៊ី អំពីការអនុវត្ដឧក្រិដ្ឋកម្មសង្គ្រាម ជាប្រឌិតឡើង។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ បានច្រានចោលនូវការចោទប្រកាន់នានា ជុំវិញការលើកឡើង ថា កម្លាំងទាហានរុស្ស៊ី បានប្រព្រឹត្ដនូវឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងខេត្តខាគីវ (Kharkiv) ប្រទេសអ៊ុយក្រែន ជាការប្រឌិតឡើង។

អាជ្ញាធរអ៊ុយក្រែន បានអះអាង ថា សាកសព ចំនួន៤៥០នាក់ ភាគច្រើន ជាជនស៊ីវិល ត្រូវបានរកឃើញ នៅក្នុងរណ្ដៅដ៏ធំ នៅជិតទីក្រុង Izium ក្រោយពេលកងទ័ពរបស់ក្រុងកៀវ បានវាយរំដោះ ពីកម្លាំងទាហានរុស្ស៊ី នៅក្នុងតំបន់ Kharkiv ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ក្រុមអ្នកស៊ើបអង្កេត នៅកន្លែងនោះ បានរកឃើញភស្តុតាង ពីការធ្វើទារុណកម្ម ដោយរួមទាំងសាកសព មានការចងដៃ …ជាដើម។ រដ្ឋាភិបាលក្រុងកៀវ បានចោទប្រកាន់ ដល់កម្លាំងទាហានរុស្ស៊ី អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «ករណីនេះ ជាការរៀបចំសេណារីយ៉ូ ដូចនៅក្នុងទីក្រុងប៊ូចា (Bucha) ដែរ។ វាជារឿងប្រឌិតឡើង ហើយអ្វីជាការពិតនោះ យើងនឹងការពារភាពត្រឹមត្រូវ នៅក្នុងរឿងនេះ»។

រុស្ស៊ី កាលពីមុន ធ្លាប់ច្រានចោល ជុំវិញការចោទប្រកាន់ ទៅលើកម្លាំងទាហានរបស់រុស្ស៊ី ពីការប្រព្រឹត្ដឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងទីក្រុងប៊ូចា នៅជាយរដ្ឋធានីកៀវ ក្រោយរកឃើញភស្ដុតាង អំពីការសម្លាប់ជនស៊ីវិល ខណៈកម្លាំងទាហានរបស់ក្រុងមូស្គូ បានដកថយ ចេញពីទីក្រុងនោះ នៅចុងខែមីនា៕រក្សាសិទ្ធិដោយ ៖ សារាយSN

×