ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ នៅកម្ពុជា ដោយបញ្ជាក់ថា ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី៨ ខែមិថុនា ខណៈបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តមានឥទិ្ធពលខ្លាំង។
សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ ៖ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។ ការធ្លាក់ភ្លៀងដែលមានលក្ខណៈជាប្រព័ន្ធ អាចនឹងបង្កឱ្យមានជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) នៅតែបន្តមានឥទិ្ធពលខ្លាំង ទាំងនៅក្នុងសប្តាហ៍នេះ និងសប្តាហ៍ខាងមុខ ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្រិតសម្ពាធទាប នឹងចាប់ផ្តើមគ្របដណ្តប់លើកម្ពុជា រហូតដល់ថ្ងៃទី៣១ ខែឧសភា និងនៅថ្ងៃទី១ ខែមិថុនា អាចនឹងមានប្រព័ន្ធសម្ពាធទាប កើតឡើងអូសកាត់លើកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុ នៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
១៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ នៅតំបន់មួយចំនួន ពិសេសតំបន់ទំនាបកណ្តាលភាគពាយ័ព្យ ទំនាបកណ្តាលភាគខាងត្បូង និងតំនាប់កណ្តាលភាគខាងកើត (តំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម)។
២៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ភ្លៀងដែលមានលក្ខណៈជាប្រព័ន្ធ នឹងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។ ការធ្លាក់ភ្លៀងក្នុងលក្ខណៈជាប្រព័ន្ធ ងាយនឹងបង្កឱ្យមានជំនន់ទឹកភ្លៀង ពិសេសតំបន់ទំនាប់កណ្តាល។
៣៖ បាតុភាពផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) នៅតែបន្តមានឥទ្ធិពលខ្លាំង ទាំងនៅក្នុងសប្តាហ៍នេះ និងសប្តាហ៍ខាងមុខ។ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ៕ ដោយ៖បញ្ញាស័ក្តិ