Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងប៉េកាំង តវ៉ាប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិក អះអាងពីការការពារតៃវ៉ាន់

spot_img

រដ្ឋធានីប៉េកាំង៖ ក្រោយពេល ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងបទសម្ភាសន៍ជាមួយនឹងបណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CBS បញ្ជាក់អំពីគោលជំហររបស់ក្រុងវ៉ាស៊ីនតោន ពីការប្រើប្រាស់កម្លាំងទ័ពការពារតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារ ទៅលើដែនកោះគ្រប់គ្រងដោយខ្លួនឯង នោះមក ក្រុងប៉េកាំង បានខឹងសម្បាយ៉ាងខ្លាំង ហើយបានតវ៉ា ប្រឆាំងនឹងការលើកឡើងរបស់មេដឹកនាំសេតវិមានរូបនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា ក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ បានបញ្ជាក់ ថា ក្រុងប៉េកាំង បានដាក់តំណាងយ៉ាងម៉ឺងម៉ាត់ តវ៉ាជាមួយនឹងក្រុងវ៉ាស៊ីនតោន ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់ ថា កងទ័ពសហរដ្ឋអាមេរិក នឹងការពារតៃវ៉ាន់ នៅក្នុងហេតុការណ៍ណាមួយ មានការឈ្លានពាន ពីប្រទេសចិន។

លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់មួយ ថា ប្រទេសចិន រក្សាសិទ្ធិ នៅក្នុងការចាត់វិធានការចាំបាច់គ្រប់យ៉ាង ដើម្បីឆ្លើយតបទៅនឹងសកម្មភាពបំបែកបំបាក់ប្រទេសជាតិ។

លោកស្រី អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ ថា « យើងមានគោលបំណង ធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីបង្រួបបង្រួមជាតិ ដោយសន្ដិវិធី។ នៅក្នុងពេលជាមួយគ្នានេះដែរ យើងនឹងមិនអត់ឱន ដល់សកម្មភាពណាមួយ មានគោលបំណង ចង់បំបែកទឹកដី»។

ក្រៅពីនេះ លោកស្រី Mao Ning ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវតែដោះស្រាយបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ «ដោយប្រុងប្រយ័ត្ន និង ត្រឹមត្រូវ» ហើយមិនត្រូវបញ្ជូន «សញ្ញាខុស» ដល់កម្លាំងបំបែកខ្លួនឯករាជ្យរបស់តៃវ៉ាន់។ លោកស្រី ថែមទាំងបានព្រមានដល់សហរដ្ឋអាមេរិក កុំឱ្យធ្វើឱ្យខូចធ្ងន់ធ្ងរ ដល់ទំនាក់ទំនង រវាងចិន-សហរដ្ឋអាមេរិក និង សន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់។

លោកស្រី Mao Ning បានបញ្ជាក់ ថា «មានចិនតែមួយ នៅលើពិភពលោក ព្រោះតៃវ៉ាន់ ជាផ្នែកមួយ នៃទឹកដីរបស់ចិន ហើយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន»។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយនឹងបណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CBS រយៈពេល៦០នាទីនោះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី ថា សហរដ្ឋអាមេរិក នឹងប្រើប្រាស់កងទ័ព ការពារតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារ។ បទសម្ភាសន៍នេះ ត្រូវបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ ខណៈសេតវិមាន បានបញ្ជាក់ជាដដែលៗ អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក មិនមានការប្រែប្រួលនោះឡើយ។

គោលនយោបាយរបស់ក្រុងវ៉ាស៊ីនតោន តែងតែមាន«ភាពមិនច្បាស់លាស់ ជាយុទ្ធសាស្ត្រ» ពោលគឺមិនប្តេជ្ញា ការពារតៃវ៉ាន់ ប៉ុន្តែក៏មិនបដិសេធការពារដល់ដែនកោះមួយនេះដែរ។

តៃវ៉ាន់ ជាកោះគ្រប់គ្រងដោយខ្លួនឯង ស្ថិតនៅឆ្នេរសមុទ្រ នាភាគខាងកើត ប្រទេសចិន ហើយក្រុងប៉េកាំង តែងតែទាមទារ ជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន។ ក្រុងវ៉ាស៊ីនតោន បានដើរយ៉ាងតឹងរ៉ឹងខាងការទូត លើបញ្ហានេះ។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក ក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងក្រុងប៉េកាំង។

ក្រោមគោលនយោបាយនេះ តៃវ៉ាន់ គឺជាផ្នែកមួយរបស់ប្រទេសចិន ហើយគោលជំហរនេះ មិនត្រូវបានជំទាស់នោះដែរ។ ដូច្នេះ សហរដ្ឋអាមេរិក មិនបានទទួលស្គាល់តៃវ៉ាន់ ថា ជារដ្ឋដាច់ដោយឡែក និង ក៏គ្មានទំនាក់ទំនងការទូត ជាមួយកោះនេះឡើយ។ ប៉ុន្តែសហរដ្ឋអាមេរិក នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និង លក់អាវុធទៅឱ្យតៃវ៉ាន់ មានតម្លៃរាប់ពាន់លានដុល្លារ ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលចែងថា សហរដ្ឋអាមេរិក ត្រូវតែផ្តល់មធ្យោបាយការពារ ដល់កោះតៃវ៉ាន់។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងជាដដែលៗ នៅក្នុងបទសម្ភាសន៍ រយៈពេល៦០នាទី ជាមួយបណ្ដាញទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ ថា «គោលនយោបាយចិនតែមួយ និង តៃវ៉ាន់ សម្រេចវិនិច្ឆ័យ ដោយខ្លួនឯង លើឯករាជភាពរបស់ពួកគេ។ យើងមិនផ្លាស់ប្តូរ មិនលើកទឹកចិត្តពួកគេ ឱ្យទទួលឯករាជ្យនោះដែរ ព្រោះវាជាការសម្រេចចិត្តរបស់ពួកគេ»៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×