Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអ៊ុយក្រែន បន្ដគ្រប់គ្រងទន្លេដ៏សំខាន់ ឆ្ពោះទៅកាន់តំបន់លូហាន

spot_img

រដ្ឋធានីកៀវ៖ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកម្លាំងទាហានរុស្ស៊ី និង កងទ័ពអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលជាង២០០ថ្ងៃ ហើយក៏មានសេចក្ដីរាយការណ៍ថ្មី ថា កងទ័ពការពារទឹកដី កំពុងតែទទួលបានជោគជ័យ ហើយឈានដល់ការគ្រប់គ្រងទន្លេដ៏សំខាន់ នៅសមរភូមិ ជិតតំបន់លូហាន (Luhansk)។

សារព័ត៌មាន Euronews បានចេញផ្សាយ កាលពីល្ងាច ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងថា កងទ័ពរបស់ក្រុងកៀវ បានរំដោះតំបន់ភាគខាងកើត នៃច្រាំងទន្លេអូស្គីល (Oskil) ជាសមរភូមិតទល់ជាមួយនឹងកម្លាំងទាហានរុស្ស៊ី នៅភាគឦសាន ប្រទេសអ៊ុយក្រែន។ កម្លាំងទាហានរុស្ស៊ី ត្រូវបានកងទ័ពអ៊ុយក្រែន បានបករុញច្រាន ចេញពីតំបន់ខាគីវ (Kharkiv) ស្ទើរទាំងស្រុង។ រីឯមេដឹកនាំតំបន់នោះ ក៏បានអះអាងថា គោលដៅបន្ទាប់ គឺតំបន់លូហាន (Luhansk) ដែលនៅជិតគ្នានោះ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) បានបញ្ជាក់ ថា ការវាយប្រហារ នៅក្នុងដំណាក់កាលបន្ទាប់ កំពុងតែរៀបចំឡើង។ ជាមួយគ្នានេះដែរ រុស្ស៊ី បានរងនូវការចោទប្រកាន់ អំពីការកំណត់គោលដៅ វាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរ ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។

ក្រុមហ៊ុន ជាប្រតិបត្ដិកររោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន ឈ្មោះ Enerhoatom បានបញ្ជាក់ថា គ្រាប់រ៉ុក្កែត បានធ្លាក់ នៅចម្ងាយប្រហែល៣០០ម៉ែត្រ ពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅក្នុងរោងចក្រធំទី២ របស់ប្រទេសអ៊ុយក្រែន ស្ថិតក្នុងតំបន់មីកូឡាយីវ (Mykolayiv) ដោយបានបំផ្លាញអគារ និង កំពុងតែបិទផ្នែកខ្លះ នៃស្ថានីយវារីអគ្គិសនី នៅក្នុងបរិវេណនោះ។

ទោះជាយ៉ាងណា នៅមិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់ អំពីការវាយប្រហារនោះនៅឡើយ។ ដោយឡែក ឃ្លីបវីដេអូនោះ ត្រូវបានបង្ហោះ តាមអនឡាញ ដោយកងទ័ពអ៊ុយក្រែន។ ចាប់តាំងពីដើមខែកញ្ញា មក កងទ័ពអ៊ុយក្រែន បានវាយលុក នៅតំបន់ភាគខាងត្បូង ក៏ដូចជា តំបន់ភាគឦសាន ប្រទេស ហើយបានរំដោះតំបន់ខាគីវ (Kharkiv) ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រាប់ដល់បណ្តាញទូរទស្សន៍អាមេរិក CBS ថា អ៊ុយក្រែន កំពុងតែចំណាយ នៅក្នុងតម្លៃខ្ពស់ ប៉ុន្តែរុស្ស៊ី «ហាក់បីដូចជា មិនមានជំនាញ និង មានសមត្ថភាព ដូចដែលមនុស្សជាច្រើន គិតថា ពួកគេខ្លាំងនោះឡើយ»។

លោក ស៊ើរហ៊ីយ ហាយដាយ (Serhiy Haidai) ប្រធានតំបន់ Luhansk បានចេញរំលែកឃ្លីបវីដេអូ ពីរថក្រោះកំពុងតែឆ្លងកាត់ស្ពាន ហើយថែមទាំង អះអាងថា ឥឡូវ អ៊ុយក្រែន បានគ្រប់គ្រងច្រាំងទន្លេ Oskil នាភាគខាងឆ្វេង។ ចំណែកតំបន់ Luhansk នៅជាប់គ្នា នាភាគខាងស្ដាំ។ ប្រសិនបើកងទ័ពអ៊ុយក្រែន អាចរក្សាទីតាំងឈរជើង នៅភាគខាងកើត ទន្ល Oskil នោះ កងទ័ពអ៊ុយក្រែន នឹងអាចវាយទម្លុះបន្ដទៀត។ ចំណែកគោលដៅបន្ទាប់ គឺរំដោះទីក្រុង Lyman ដែលកម្លាំងទាហានរុស្ស៊ី បានរឹបអូស កាលពីខែឧសភា កន្លងទៅ។

ទីក្រុង Lyman ស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុងអ៊ីហ្ស៊ីម (Izyum) ជាកន្លែងដែលអ៊ុយក្រែន បានរកឃើញសាកសព ចំនួន៤៥០នាក់ កប់នៅក្នុងរណ្ដៅរាប់រយកន្លែង នៅទីនោះ។

ដោយឡែក លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ថា ការចោទប្រកាន់នានា អំពីឧក្រិដ្ឋកម្មសង្គ្រាម គឺជាការកុហក។ ចំណែកការពិត យើងនឹងការពារភាពត្រឹមត្រូវ នៅក្នុងរឿងនេះ។ សេណារីយ៉ូនេះ គឺដូចគ្នានឹងទីក្រុង Bucha ស្ថិតក្បែររដ្ឋធានីកៀវ (Kyiv) ជាកន្លែងដែលអាជ្ញាធរក្នុងតំបន់ បានអះអាងថា យ៉ាងហោចណាស់ មានជនស៊ីវិល ចំនួន៤៥៨នាក់ ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលកាន់កាប់របស់កម្លាំងទាហានរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃទី១៦ ខែកញ្ញា បានបញ្ជាក់ ថា ការវាយលុករបស់អ៊ុយក្រែន នឹងមិនធ្វើឲ្យមានការផ្លាស់ប្ដូរផែនការយោធារបស់រុស្ស៊ី នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន នោះឡើយ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×