Tuesday, October 4, 2022

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងអគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ នៅរាជធានីបាងកក

spot_img

បាងកក ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃនេះបានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាឡើមផុន ស្រ៊ីសាវ៉ាត់តិ៍ (Chalermphon Srisawasdi) អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបាងកករយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងជំនួបនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មកកាន់ព្រះរាជាណាចក្រថៃ ជាលើកទី២ ដែលពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ព្រមជាមួយនឹងការអរគុណចំពោះស្មារតីនៃការបន្តថែរក្សា និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងដ៏មានសារៈសំខាន់នេះ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះ ឯកឧត្តម អគ្គមេបញ្ជាការ ព្រមទាំងយោធិននៃកងភូមិន្ទថៃ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រ។

ក្នុងជំនួបនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានជម្រាបជូន ឯកឧត្តម អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីមិត្តថៃ ជាពិសេសអំពីសមិទ្ធផលជាក់ស្តែងជាច្រើននៃការអនុវត្ត “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-ToR” រវាងកងទ័ពជើងគោកទាំងពីរ និងបានស្នើសុំការគាំទ្ររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ លើទិសដៅសហប្រតិបត្តិការសម្រាប់ពេលខាងមុខ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាកងឯកភាពជួរមុខឱ្យបានស្អិតរមួតបន្ថែមទៀតលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែននានា ក៏ដូចជាការសហការជួយគ្នាទៅវិញទៅមកលើការងារសង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តោយព្រំដែន។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវការគាំទ្រចំពោះទិសដៅសហប្រតិបត្តិការបន្តរវាងកងទ័ពជើងគោកទាំងពីរ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា រួមទាំងដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ក៏ដូចជាការអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ (ACDFM-19) កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលអាចដំណើរការក្នុងទម្រង់ជួបប្រជុំផ្ទាល់ ដោយយោងទៅលើស្ថានភាពល្អប្រសើរនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោមការដឹកនាំគ្រប់គ្រងប្រកបដោយភាពម៉ឺងម៉ាត់ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន៕ រក្សាសិទ្ធិដោយ៖មួង សុវណ្ណារិទ្ធ