បុរីញូវយ៉ក៖ នៅក្នុងដំណើរទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នោះ នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស លោកស្រី លីស ត្រាស ប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់ មិនខុសពីលោក បូរីស ចនសុន (Boris Johnson) អតីតនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស នោះឡើយ ដោយបានប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹង ដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីរំដោះទឹកដី និង សេរីភាពរបស់ពួកគេ ។
សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ថា លោកស្រី លីស ត្រាស (Liz Truss) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស នឹងសន្យា នៅឯកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ដើម្បីផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ២,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន។ រីឯឆ្នាំបន្ទាប់ ចក្រភពនេះ នឹងបង្កើនការគាំទ្រទ្វេដង ដើម្បីជួយដល់ក្រុងកៀវ ចាប់តាំងពីរុស្ស៊ី បានចូលលុកលុយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។
នៅក្នុងដំណើរទស្សនកិច្ចជាអន្តរជាតិ ជាលើកដំបូងរបស់លោកស្រី នៅក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះ លោកស្រី ត្រាស នឹងអំពាវនាវដល់មេដឹកនាំផ្សេងៗទៀត នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នាបុរីញូវយ៉ក ដើម្បីជួយបញ្ចប់នូវការបិទថាមពលរបស់រុស្ស៊ី ទៅកាន់ទ្វីបអឺរ៉ុប។ លោកស្រី បានអះអាងថា បញ្ហានេះ ត្រូវតែរៀបចំ សម្រាប់ជីវិតមនុស្សយ៉ាងច្រើន។
លោកស្រី នាយករដ្ឋមន្រ្ដីរបស់ចក្រភពអង់គ្លេស ត្រូវគេរំពឹង អំពីការកំណត់កញ្ចប់គាំទ្រថ្មី សម្រាប់ ពាណិជ្ជកម្ម ផែនការជួយដល់សេវាសុខភាពជាតិ និង ការកាត់បន្ថយពន្ធ។
នៅក្នុងជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃពុធ នាបុរីញូវយ៉ក នោះ លោកស្រី ត្រាស នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស នឹងសន្យាជាថ្មី ដើម្បីផ្ដល់នូវកិច្ចគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន។ លោកស្រី នាយករដ្ឋមន្រ្ដី បានថ្លែងរួចមកហើយ ត្រូវតែរៀបចំ បណ្ដេញកម្លាំងទាហានរុស្ស៊ី ចេញពីប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរដោយសារសង្គ្រាមនេះ ជាមួយនឹងជំនួយយោធា ពីបណ្ដាប្រទេសបស្ចិមលោក។
លោកស្រី នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មុនពេលលោកស្រី ថ្លែងសុន្ទរកថា ទៅកាន់សម័យប្រជុំរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ថា «សាររបស់ខ្ញុំ សម្រាប់ប្រជាជនអ៊ុយក្រែន គឺថា ចក្រភពអង់គ្លេស នឹងបន្ដនៅពីក្រោយអ្នក គ្រប់ជំហានរបស់អ្នកដើរ។ សន្ដិសុខរបស់អ្នក ជាសន្ដិសុខរបស់យើង»។
លោកស្រី នាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា «ជីវិមនុស្សរាប់លាននាក់ ទាំងនៅក្នុងប្រទេសអ៊ុយក្រែន ទាំងនៅអឺរ៉ុប និង នៅលើពិភពលោក ត្រូវបានរៀបចំឡើង ដោយការពឹងផ្អែក ទៅលើថាមពលរបស់រុស្ស៊ី។ ដូច្នេះ យើងត្រូវតែធ្វើការងាររួមគ្នា ដើម្បីបញ្ចប់នូវបញ្ហាទាំងនេះ ជារៀងរហូត»។
ចក្រភពអង់គ្លេស បានបញ្ជាក់ ថា ក្រុងឡុងដ៍ ជាម្ចាស់ជំនួយយោធាធំបំផុតលំដាប់ទី២ ជួយដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ២០២២នេះ ចក្រភពអង់គ្លេស បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ២,៦ពានលានដុល្លារសហរដ្ឋអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន ហើយក្រុងឡុងដ៍ នឹងនៅតែបន្ដផ្ដល់ជំនួយ តាមតម្រូវការរបស់ក្រុងកៀវ។
លោកស្រី មីឆែល ដូណេឡាន (Michelle Donelan) រដ្ឋមន្រ្ដីក្រសួងវប្បធម៌ ចក្រភពអង់គ្លេស បានប្រាប់ដល់បណ្ដាញទូរទស្សន៍ Sky News ថា គោលបំណង នៃដំណើរទស្សនកិច្ច មកកាន់បុរីញូវយ៉ក នាពេលនេះ មិនមែន ដើម្បីតែធានានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ បើទោះជាអាចមានកិច្ចពិភាក្សា នៅក្នុងជំនួបជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏ដោយ។
ចក្រភពអង់គ្លេស បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកថា ជារង្វាន់ដ៏ធំបំផុតមួយ សម្រាប់ការចាក ចេញពីសហភាពអឺរ៉ុប។ ប៉ុន្តែក្តីសង្ឃឹម នៃកិច្ចព្រមព្រៀងដ៏ឆាប់រហ័សបំផុតនេះ បានថយចុះវិញ ខណៈរដ្ឋបាលរបស់លោក ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា វាមិនមែនជាអាទិភាពនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN















