Thursday, June 8, 2023

បារាំង ប្រធានណាតូ និង អាមេរិក ប្រឆាំងនឹងការធ្វើប្រជាមតិនៅតំបន់គ្រប់គ្រងរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន

spot_img

បុរីញូវយ៉ក៖ ប្រធានាធិបតីបារាំង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ក៏ដូចជាប្រធានអង្គការណាតូ និង សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា បានប្រឆាំងនឹងការបោះឆ្នោតប្រជាមតិណាមួយ គ្រោងទុក នៅក្នុងតំបន់គ្រប់គ្រងដោយរុស្ស៊ីថា ជារឿងដ៏វែងឆ្ងាយ ហើយក្រុងប៉ារីស នឹងមិនទទួលស្គាល់នូវលទ្ធផលរបស់ពួកគេ ថ្វីបើរុស្ស៊ីបានចោទប្រកាន់បារាំង ថា «មិនអាចទទួលយកបាន» ជុំវិញការប្រគល់គ្រឿងសព្វាវុធ ទៅឱ្យអ៊ុយក្រែន យ៉ាងណាក៏ដោយ។

សារព័ត៌មាន France 24 បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ថា ថ្លែង នៅក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានបញ្ជាក់ ថា សំណើធ្វើប្រជាមតិ នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន គឺជាការបង្កហេតុថ្មីមួយបន្ថែមទៀត ក្រោយពេល រុស្ស៊ី បានចូលលុកលុយ នៅក្នុងប្រទេសជិតខាង កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ លោកប្រធានាធិបតី បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា «ប្រសិនបើគំនិតធ្វើប្រជាមតិ នៅតំបន់ដុនបាស (Donbas) មិនមានសោកនាដកម្ម វាពិតជាគួរឱ្យអស់សំណើចខ្លាំងណាស់»។

មេដឹកនាំ លើកបន្ដុប ដោយរុស្ស៊ី នៅក្នុងតំបន់កាន់កាប់ចំនួន៤ ស្ថិតក្នុងប្រទេសអ៊ុយក្រែន បានកំណត់ផែនការ សម្រាប់ការបោះឆ្នោតប្រជាមតិ ដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ី ហើយនេះជាទង្វើមួយមិនអាចទទួលយកបាន ពីក្រុងកៀវ (Kyiv) និង លោកខាងលិច ។ សកម្មភាពនេះ ជាការផ្ដួចផ្ដើមឡើង ដោយក្រុងម៉ូស្គូ ក្រោយការខាតបង់យ៉ាងខ្លាំង នៅលើសមរភូមិប្រយុទ្ធជាមួយនឹងអ៊ុយក្រែន។

លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ការធ្វើប្រជាមតិទាំងនេះ ជាការប្រមាថ ទៅលើគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន គាំទ្រដោយប្រព័ន្ធច្បាប់អន្តរជាតិ។ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានថ្កោលទោសដល់ការធ្វើប្រជាមតិ ដែលគ្រោងទុក ដោយរុស្ស៊ី ដើម្បីដាក់បញ្ចូលទឹកដីមួយផ្នែករបស់អ៊ុយក្រែន ទៅជាទឹកដីរបស់រុស្ស៊ី ហើយថា សកម្មភាពនេះ ជ«បោកប្រាស់» ហើយថា ក្រុងវ៉ាស៊ីនតោន នឹងមិនទទួលស្គាល់លទ្ធផលនេះឡើយ»។

លោក ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «ប្រសិនបើរឿងនេះ កើតឡើងមែន សហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់នូវការទាមទាររបស់រុស្ស៊ី ជុំវិញការដាក់បញ្ចូលទឹកដីណាមួយរបស់អ៊ុយក្រែន ទៅជាទឹកដីរបស់រុស្ស៊ី»។

ជាមួយគ្នានេះដែរ លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ក៏បានរិះគន់ទង្វើប្រជាមតិនេះ នៅក្នុងសារមួយ បង្ហោះក្នុងគណនីបណ្ដាញសង្គម Twitter របស់គាត់។ លោកប្រធាន NATO បានសរសេរ ថា «ការធ្វើប្រជាមតិ ដ៏គួរឲ្យអៀនខ្មាសនេះ មិនមានភាពស្របច្បាប់ ហើយក៏មិនផ្លាស់ប្តូរធម្មជាតិ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ី និង ជាការប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ នេះជាការបង្កើននូវសកម្មភាពថ្មីបន្ថែមទៀត នៅក្នុងសង្រ្គាមរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×