Tuesday, October 4, 2022

សម្តេចតេជោ ហ៊ុន សែន ៖ ក្រោយឆ្លងកាត់ភ្លើងសង្គ្រាមជាងពីរទសវត្សរ៍ កម្ពុជាទទួលបាន បទពិសោធន៍ និងមេរៀនដ៏ជូរចត់ ដែលនាំឱ្យយើងយល់ច្បាស់ ពីតម្លៃនៃសន្តិភាព និងស្ថិរភាព

spot_img

ភ្នំពេញ ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងបុព្វហេតុ ទប់ស្កាត់ និងបញ្ឈប់ជម្លោះប្រដាប់អាវុធ និងសង្គ្រាមនៅគ្រប់ទីកន្លែងទូទាំង ពិភពលោក អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២១ ខែកញ្ញា រៀងរាល់ឆ្នាំ ជាកាលបរិច្ឆេទ សម្រាប់ប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និង កសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្តោតលើការពង្រឹងសាមគ្គី ភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមសម្តែងអំណរសាទរ និងចូលរួមជាមួយ សហគមន៍អន្តរជាតិក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដ៏មហោឡារិកនេះ ដើម្បីរំលេច អត្ថន័យដ៏ថ្លៃថ្លានៃសន្តិភាព ក៏ដូចជាឆ្លុះបញ្ចាំងនូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការការពារ និងចូលរួមកសាងសន្តិភាពសកល។

ក្រោយឆ្លងកាត់ភ្លើងសង្គ្រាម និងសោកនាដកម្មអស់ជាងពីរទសវត្សរ៍ កម្ពុជាទទួលបាន បទពិសោធន៍ និងមេរៀនដ៏ជូរចត់ ដែលនាំឱ្យយើងយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព។ បន្ទាប់ពីទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជនកម្ពុជាបានរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ត្រឹមតែប្រមាណ១៧ ឆ្នាំប៉ុណ្ណោះ ក៏ត្រូវហែលឆ្លងទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ ខ្លួន បន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ដែលបានរុញច្រានកម្ពុជាឱ្យចូលក្នុងភ្នក់ភ្លើង សង្គ្រាមស៊ីវិល និងវាលពិឃាតក្នុងរបបប្រល័យពូជសាសន៍។ ក្រោយការផ្ដួលរំលំនៃរបបខ្មៅងងឹតនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា ខំប្រឹងកសាងប្រទេសជាតិពីផេះផង់នៃសង្គ្រាម និង វិនាសកម្មក្នុងថ្លុកឈាមបណ្ដើរ ខំទប់ស្កាត់ការវិលមកវិញនូវរបបពិឃាតបណ្ដើរ។ មិនត្រឹមប៉ុណ្ណោះ ប្រជាជនកម្ពុជា ថែមទាំងត្រូវដោះស្រាយវិបត្តិសេដ្ឋកិច្ច-សង្គម ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងការបិទខ្ទប់ពាណិជ្ជកម្មអស់រយៈពេលជាង ១២ ឆ្នាំ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងវត្តមានរបស់អាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) រហូតដល់ឆ្នាំ១៩៩៣ ពិតជាបានចូលរួមចំណែក ត្រួសត្រាយផ្លូវសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជា តែពុំបានបញ្ចប់សង្គ្រាមជាស្ថាពរនោះទេ។ ប្រជាជនកម្ពុជា បានទទួលសន្តិភាពទាំងស្រុងនៅឆ្នាំ ១៩៩៨ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ដែលខ្ញុំព្រះករុណា បានផ្តួចផ្តើម និងដាក់ចេញ។ ក្រោមម្លប់សន្តិភាព និងការបង្រួបង្រួមជាតិនេះ រាជ រដ្ឋាភិបាល និងប្រជាជនកម្ពុជា បានខិតខំស្តារ និងកសាងប្រទេសជាតិឡើងវិញ ដោយទទួលបានការ រីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ។ ជាក់ស្ដែង កម្ពុជាបានចេញផុតពីប្រទេសមានចំណូល ទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចឱ្យបានតាមចក្ខុវិស័យ អភិវឌ្ឍ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាបទស ចំណូលខ្ពស់នៅឆ្នាំ២០៥០។

នាពេលថ្មីៗនេះ កម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ដោយសារតែការអនុវត្តគោលនយោបាយមានប្រសិទ្ធភាព ទាន់ពេលវេលា និងចំទិសដៅ ជាពិសេស «យុទ្ធនាការស្រោចវ៉ាក់សាំង» ទូទាំងប្រទេសដោយពុំគិតថ្លៃ។ មកដល់ ពេលនេះ ប្រជាពលរដ្ឋ និងប្រជាជនគ្រប់ជាតិសាសន៍ទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញ ការងារក្នុងព្រះរាជាណាចក្រកម្ពុជាចំនួនជិត ៩៥% ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស។ ការណ៍ នេះ បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមស្តារសេដ្ឋកិច្ច-សង្គម និងបើកប្រទេសឡើងវិញ។ នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជារំពឹងថានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៤% ជាមួយនឹងអត្រាអតិផរណា ប្រមាណ ៥% ទោះបីជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបាននិងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោក និងតំបន់ក៏ដោយ។ ដោយសារភាពជោគជ័យទាំងនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ លេខ១ ក្នុងចំណោម ១២១ ប្រទេស ដែលកំពុងស្ដារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។

ក្នុងស្មារតីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព កម្ពុជាបាននិងកំពុងចូលរួមយ៉ាង សកម្មជាមួយគ្រប់ប្រទេសទាំងអស់នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងដឹកនាំអាស៊ានឆ្លងកាត់បញ្ហាប្រឈមធំៗព្រមគ្នាដ៏ ច្រើនមិនធ្លាប់មានពីមុនមក។ ក្នុងបរិបទនេះ កម្ពុជាបានកំណត់យកមូលបទ៖ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ ព្រមទាំងបន្ត កសាងសហគមន៍អាស៊ាន លើកកម្ពស់មជ្ឈអាស៊ានក្នុងការកសាងនិម្មាបនកម្មតំបន់ និងពង្រីកកិច្ច សហប្រតិបត្តិការជាមួយដៃគូនានា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង និងក្រៅតំបន់អាស៊ាន។

ដោយសារសន្តិភាព ការរួបរួមជាធ្លុងមួយ និងសុខដុមនីយកម្មរវាងប្រទេសជាសមាជិក អាស៊ានជាមូលដ្ឋានដ៏មានសារៈសំខាន់ជាសារវន្ត កម្ពុជាបានប្រឹងប្រែងជួយស្វែងរកដំណោះ ស្រាយវិបត្តិមីយ៉ាន់ម៉ាដោយផ្អែកលើអភិក្រមជាក់ស្តែងនិយម តាមរយៈការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច របស់អាស៊ាន ដើម្បីជួយឱ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ ក៏ដូចជាអនុញ្ញាតឱ្យអាស៊ានវិលត្រឡប់ទៅរកការរួបរួមរវាងសមាជិកទាំង ១០ វិញ ។

ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជាបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កម្ពុជា បានបញ្ជូនកងកម្លាំងសរុបចំនួន ៨,៣០២នាក់ (ក្នុងនោះ ស្ត្រី៥៨០នាក់) ទៅបំពេញបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន០៩ រួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ បច្ចុប្បន្ននេះ កងកម្លាំងកម្ពុជាសរុប ចំនួន ៨០១នាក់ (ក្នុងនោះស្ត្រី១១៨នាក់) កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅបទស ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល និងយេម៉ែន។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា ពិធីអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ស្ដែងឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តកាន់តែក្លៀវក្លា របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ក្នុងការលើកកម្ពស់តម្លៃនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្ន ទៅវិញទៅមក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងសាសនា សំដៅកសាងពិភពលោក មួយ ប្រកបដោយសន្តិសហវិជ្ជមាន ភាពធន់ និងការអភិវឌ្ឍដោយបរិយាប័ន្ន និងចីរភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី