ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅបុរីញូវយក សហរដ្ឋអាមេរិក, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២ ទើបចប់សព្វគ្រប់នៃបេសកកម្មអន្តរជាតិដ៏ធំទាំង៣នេះ ហើយដឹកនាំក្រុមប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញ។
គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស, លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ, និងលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជាច្រើនរូបទៀត។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស បានឲ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នឹងធ្វើឡើងក្រោមប្រធានបទ «របត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន ៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងបទអន្តរាគមន៍ផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាព ជាសាកល ដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។
ស្ដីពីដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងហាវៀណា នៃសាធារណរដ្ឋគុយយបា វិញ គឺ ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជំនួបកំពូលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹង លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ប្រធានាធិបតី គុយបា ថ្នាក់ដឹកនាំទាំងពីរនេះ ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន ៖
១- កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌,
២- អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ,
៣- អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា,
៤- គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ,
៥- អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។
បន្ទាប់មក សម្ដេចតេជោ ហ៊ុន សែន នឹងឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៉ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២, ក្នុងកំលុងនេះ ក៏មានជំនួបពិភាក្សាទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











