Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលបត្ររដ្ឋ បោះផ្សាយលក់លើកទីពីរ ក្នុងមួយបណ្ណមានតម្លៃ ១លានរៀល

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ដេញថ្លៃមូលបត្ររដ្ឋ លើកទី ២ ប្រព្រឹត្តទៅនៅថ្ងៃទី ២១ខែកញ្ញា ឆ្នាំ ២០២២ ដែលមានទំហំទឹកប្រាក់បោះផ្សាយចំនួន ២០០ប៊ីលានរៀល ឬជិត ៥០លានដុល្លារអាមេរិក។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលជាភ្នាក់ងារសម្របសម្រួលការលក់មូលបត្ររដ្ឋ បានឲ្យដឹងថា មូលបត្ររដ្ឋដែលបោះផ្សាយលក់លើកទីពីរនេះ ក្នុងមួយបណ្ណមានតម្លៃ ១លានរៀល ដោយការគិតការប្រាក់រៀងរាល់ ៦ខែម្តង ក្នុងអត្រាគូប៉ុង ២,៤៤% ថេរ។ ចំពោះមូលបត្រនេះ ជា ប្រភេទប្រតិទាន ៣ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដុ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៧ខែកញ្ញា ឆ្នាំ ២០២២នេះ បានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ក្នុងទំហំទឹកប្រាក់ ១០០ប៊ីលានរៀល ដោយការគិតការប្រាក់រៀងរាល់ ៦ខែម្តង ក្នុងអត្រាគូប៉ុង ២% ថេរ និងជាប្រភេទប្រតិទាន ១ឆ្នាំ។​

មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា ការចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋនេះ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់ របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពជា។

មន្ត្រីជំនាញ បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃការបោះផ្សាយលក់មូលបត្ររដ្ឋមានដូចជា៖ ១. ប្រភពទុនមានស្ថិរភាព ២. គ្មានហានិភ័យរូបិយវត្ថុ (មូលបត្រជារូបិយណ្ណជាតិ) ៣. បំពេញបន្ថែមលើហិរញ្ញវត្ថុ (កាត់បន្ថយលំហូរមូលធន) ៤. មិនទទួលរងសម្ពាធ ឬលក្ខខណ្ឌពីបរទេស ៥. ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្ត នឹងកាត់បន្ថយការផ្តល់ហិរញ្ញប្បទាន នៅពេលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន។

គួរបញ្ជាក់ថា បើតាមការអះអាងពីមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ទោះបីជាពេលនេះកម្ពុជា នៅតែអាចមានលទ្ធភាពខ្ចីប្រភពទុនពីដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្តផ្សេងៗបាន ជាមួយអត្រាការប្រាក់ទាបជាង និងក្នុងរយៈពេលវែង បើធៀបនឹងអត្រាការប្រាក់នៃការបោះផ្សាយមូលបត្ររដ្ឋក៏ដោយ ប៉ុន្តែវាជាការបោះជំហានមួយរបស់កម្ពុជា ដើម្បីឆ្ពោះទៅពង្រឹងឯករាជ្យភាពហិរញ្ញវត្ថុនាពេលអនាគត៕

spot_img
×