Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន កាន់តែបារម្ភពីសង្គ្រាមនៅអ៊ុយក្រែន ជំរុញឲ្យចរចា ក្រោយពូទីនបញ្ជាឲ្យចល័តទ័ព

spot_img

រដ្ឋធានីប៉េកាំង៖ ជាមួយនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យចល័តទ័ព ចំនួន៣០០ ០០០នាក់ ទៅកាន់សមរភូមិប្រយុទ្ធ និង គំរាមកំហែង អំពីលទ្ធភាព នៃការប្រើប្រាស់អាវុធមហាប្រល័យលោក ប្រឆាំងនឹងបណ្ដាប្រទេសបស្ចិមលោកផងនោះ ចិន បានចេញមុខ មកអំពាវនាវ ឲ្យមានបទឈប់បាញ់គ្នា តាមរយៈការចរចា ដើម្បីស្វែងរកសន្ដិភាព និង បញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ថា ចិន កាលពីថ្ងៃពុធ បានអំពាវនាវ ឲ្យមានបទឈប់បាញ់គ្នា តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់គ្នា។ ក្រុងប៉េកាំង បានបង្ហាញ អំពីក្ដីកង្វល់របស់ខ្លួន ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានសង្ដត់ធ្ងន់ លើសង្គ្រាម នៅអ៊ុយក្រែន ហើយគំរាមកំហែង ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និង បញ្ជាឲ្យចល័តទ័ពមួយផ្នែកបន្ថែមទៀត នៅក្នុងចំណោមទ័ពបម្រុងរបស់រុស្ស៊ី ជាង២លាននាក់។

លោក វ៉ាង វ៉ែនប៊ីន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន ប្រចាំថ្ងៃ ថា «យើងសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើឲ្យសម្រេចបាននូវបទឈប់បាញ់គ្នាមួយ តាមរយៈការសន្ទនាគ្នា និង ការពិភាក្សាគ្នា ហើយស្វែងរកដំណោះស្រាយ ដែលសម្រួលដល់ក្ដីកង្វល់ លើបញ្ហាសន្តិសុខស្របច្បាប់របស់ភាគីទាំងអស់ ឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន»។

អ្នកនាំពាក្យ ក្រសួងការបរទេសចិន រូបនេះ បានបញ្ជាក់ថា «យើងតែងតែប្រកាន់ខ្ជាប់ ថា អធិបតេយ្យភាព និង បូរណភាពទឹកដី នៃប្រទេសទាំងអស់ គួរតែត្រូវបានគោរព ហើយគោលបំណង និង គោលការណ៍ នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ គួរតែត្រូវបានអនុវត្ដ។ ក្ដីព្រួយបារម្ភ អំពីបញ្ហាសន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់ គួរតែត្រូវបានយកចិត្តទុកដាក់ និង កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលផ្ដល់អំណោយផល ដល់ដំណោះស្រាយ ដោយសន្តិវិធី គួរតែត្រូវបានគាំទ្រ»។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីព្រឹក ថ្ងៃពុធ បានប្រកាស អំពីការចល័តទ័ពបន្ថែម ចំនួន ៣០០ ០០០នាក់។ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានប្ដេជ្ញា ប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដែលខ្លួនមាន ដើម្បីការពារឯករាជ្យ បូរណភាពទឹកដីរបស់រុស្ស៊ី និងប្រជាជនរុស្ស៊ី។ ការសម្រេចចិត្តរបស់លោក ពូទីន បានកើតឡើង ក្រោយពេលតំបន់កាន់កាប់ដោយក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន បានប្រកាស អំពីការធ្វើប្រជាមតិ ដាក់ទៅជាទឹកដីរបស់រុស្ស៊ី និង បរាជ័យផ្ទួនៗរបស់កងទ័ពក្រុងមូស្គូ នៅតាមសមរភូមិ ជាពិសេស នៅតំបន់ខាគីវ (Kharkiv) ។

លោក វ៉ាង អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានបញ្ជាក់ទៀត ថា «ប្រទេសចិន អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែដោះស្រាយនូវការខ្វែងគំនិតគ្នា ឱ្យបានត្រឹមត្រូវ តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ ហើយមានឆន្ទៈ នៅក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីបន្តដើរតួនាទីស្ថាបនា នៅក្នុងការបន្ថយស្ថានការណ៍តានតឺងនេះ»៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×