Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសឡាតវី ប្រកាសមិនទទួលជនជាតិរុស្ស៊ី រត់គេចពីការកេណ្ឌទ័ព ចូលទឹករបស់ខ្លួន

spot_img

រដ្ឋធានីរីហ្កា (Riga)៖ ក្រោយពេលមេដឹកនាំវិមានក្រឹមឡាំង បានបញ្ជាឲ្យចល័តទ័ពបម្រុងរបស់រុស្ស៊ី ចំនួន ៣០០ ០០០នាក់ ទៅកាន់សមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន នោះភ្លាម ប្រទេសមួយ ធ្លាប់ជារដ្ឋចំណុះឲ្យសហភាពសូវៀត បានប្រកាស មិនផ្ដល់ការសុំសិទ្ធិជ្រកកោន ដល់ជនជាតិរុស្ស៊ីណាមួយ ដែលបានរត់គេច ចេញពីការកេណ្ឌទ័ពរបស់ក្រុងមូស្គូ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីរាត្រី ថ្ងៃពុធ ទី២១ ខែកញ្ញា ថា លោក អែដហ្កាស រីនខែវិកស៍ (Edgars Rinkevics) រដ្ឋមន្រ្ដី ក្រសួងការបរទេសឡាតវី (Latvia) បានបញ្ជាក់ នៅលើបណ្ដាញសង្គម កាលពីថ្ងៃពុធ ដោយលើកឡើង អំពីការព្រួយបារម្ភ លើបញ្ហាសន្ដិសុខ ថា ប្រទេសឡាតវី ជាសមាជិកសហភាពអឺរ៉ុប មានព្រំដែន ជាប់ជាមួយនឹងរុស្ស៊ី នឹងមិនផ្ដល់សិទ្ធិជ្រកកោនណាមួយ ដល់ជនជាតិរុស្ស៊ី ដែលបានរត់ភៀសខ្លួន ចេញពីការចល័ត ឬកេណ្ឌទ័ពរបស់ក្រុងមូស្គូ នោះឡើយ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាលពីព្រឹក ថ្ងៃពុធ បានបញ្ជាឱ្យមានការចល័តទ័ពរុស្ស៊ី ជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានព្រមានដល់បណ្ដាប្រទេសលោកខាងលិច ថា ប្រសិនបើបស្ចិមលោក បន្តធ្វើនូវអ្វីដែលគាត់ ហៅថា ជា«ការគំរាមកំហែងនុយក្លេអ៊ែរ» នោះ ក្រុងមូស្គូ នឹងឆ្លើយតបដោយកម្លាំងអាវុធដ៏ធំរបស់ខ្លួន។

លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាក់ ថា ការចល័តទ័ពមួយផ្នែក នៅក្នុងចំណោមកម្លាំងទាហានបម្រុងរបស់រុស្ស៊ី ជាង២លាននាក់ គឺដើម្បីការពារប្រទេសរុស្ស៊ី និង បូរណភាពទឹកដី។ មេដឹកនាំរុស្ស៊ី រូបនេះ បានអះអាងថា បស្ចិមលោក មិនចង់បានសន្ដិភាព នៅក្នុងប្រទេសអ៊ុយក្រែន។

លោកប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់សាជាថ្មី អំពីគោលបំណងរបស់គាត់ ត្រូវតែរំដោះតំបន់បេះដូងឧស្សាហកម្មដុនបាស (Donbas) របស់អ៊ុយក្រែន នៅភាគខាងកើត ប្រទេសនេះ។ ប្រជាជន ភាគច្រើន នៅក្នុងតំបន់នោះ មិនចង់វិលត្រឡប់ ទៅរស់នៅ តាមអ្វីដែលគាត់ហៅ «ក្រោមនឹម» របស់អ៊ុយក្រែន នោះឡើយ។ រុស្ស៊ី បានគិតរួចមកហើយថា តំបន់ Luhansk និង Donetsk រួមគ្នាបង្កើត ជាតំបន់ Donbas ដែលក្រុងម៉ូស្គូបានកាន់កាប់ នៅក្នុងឆ្នាំ២០១៤ ថា ជារដ្ឋឯករាជ្យ។ ប៉ុន្ដែ អ៊ុយក្រែន និង លោកខាងលិច គិតថា គ្រប់ផ្នែកទាំងអស់របស់អ៊ុយក្រែន កាន់កាប់ ដោយកម្លាំងទាហានរុស្ស៊ី ជាការកាន់កាប់ ដោយខុសច្បាប់។

ការបញ្ជាឲ្យចល័តទ័ពរបស់ប្រធានាធិបតីរុស្ស៊ី បានកើតឡើង ក្រោយពេលកម្លាំងទាហានរបស់ក្រុងមូស្គូ បានទទួលបរាជ័យ ជាបន្ដបន្ទាប់ នៅលើសមរភូមិប្រយុទ្ធជាមួយនឹងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ជាពិសេស នៅតំបន់ខាគីវ (Kharkiv) ។ ចំណែកការចល័តទ័ពរបស់រុស្ស៊ី នាពេលនេះ នឹងធ្វើឱ្យជម្លោះ នៅក្នុងអ៊ុយក្រែន កាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពធ្ងន់ធ្ងរឡើង ស្របពេលកម្លាំងទាហានក្រុងមូស្គូ កំពុងតែប្រឈមនឹងការវាយលុក ពីកម្លាំងការពារទឹកដីរបស់ក្រុងកៀវ រហូតបង្ខំឱ្យដកថយ និង បោះបង់ទឹកដីមួយចំនួន ដែលរុស្ស៊ីបានកាន់កាប់ ចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×