Thursday, June 8, 2023

ប្រមុខការទូតជប៉ុនៈ ការជំនុំជម្រះក្តីមេដឹកនាំខ្មែរក្រហម នឹងក្លាយជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ និងសហគមន៍អន្តរជាតិ

spot_img

ភ្នំពេញៈតាមរយៈសេចក្តីថ្លែងការណ៍ លោក ហាយ៉ាស៊ី យូស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុនបានថ្លែងថា នៅថ្ងៃទី២២ ខែកញ្ញានេះ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវ.ត.ក) បានប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខ ដោយបានតម្កល់សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង (ដែលផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត) ក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងលោក ខៀវ សំផន ។ សាលដីកានេះ បានបញ្ចប់ជាស្ថាពរនូវការជំនុំជម្រះក្ដីខ្មែរក្រហម ដែលបានបន្តអស់រយៈពេលយ៉ាងយូរមកហើយ។ ប្រទេសជប៉ុនសូមសម្តែងនូវការគោរពចំពោះ មនុស្សជាច្រើនដែលបានចូលរួមចំណែកដល់ការជំនុំជម្រះក្តីនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះនឹងបិទបញ្ចប់សំណុំរឿង០០២/០២ក៏ដូចជាសំណុំរឿង០០២ទាំងមូល បន្ទាប់ពីដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន រហូតដល់ការជំនុំជម្រះនិងការប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញានេះ។

រដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ថា ការជំនុំជម្រះក្តីខ្មែរក្រហម គឺជាដំណាក់កាលដ៏សំខាន់ឆ្ពោះទៅបញ្ចប់ជាស្ថាពរនូវដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកដល់ការផ្ដល់យុត្តិធម៌ និងការពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ដោយយល់ឃើញយ៉ាងដូច្នេះ ប្រទេសជប៉ុន បាននិងកំពុងដើរតួនាទីនាំមុខនៅក្នុងសហគមន៍អន្តរជាតិ ក្នុងការផ្ដល់ការគាំទ្រដល់ការជំនុំជម្រះក្តីនេះ។

លោក ហាយ៉ាស៊ី យូស៊ីម៉ាសា បានបន្តថា ប្រទេសជប៉ុនសង្ឃឹមថា សារៈសំខាន់នៃការជំនុំជម្រះក្តីនេះ នឹងត្រូវបានយល់ដឹងយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនកម្ពុជា ហើយក្លាយជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ និងសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពអប់រំដែលត្រូវបានបន្តបន្ទាប់ពីការបិទបញ្ចប់ដំណើរការនីតិវិធី ហើយវានឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ។

រដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនសម្រាប់ការជំនុំជម្រះក្ដីខ្មែរក្រហម ប្រទេសជប៉ុន បានផ្ដល់ថវិកាប្រមាណ ៨៨,៦៧ លានដុល្លាសហរដ្ឋអាមេរិក (៧២,១៨ លានដុល្លារ ផ្ដល់ឱ្យភាគីអន្តរជាតិ និង១៦,៤៩ លានដុល្លា ផ្តល់ឱ្យភាគីជាតិ) ឬប្រហែលស្មើនឹង៣០% នៃជំនួយរបស់អន្តរជាតិសម្រាប់ការជំនុំជម្រះក្ដីខ្មែរក្រហម ចាប់តាំងពីការជំនុំជម្រះក្តីនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៦។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម កាលពីព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២បានរៀបចំនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តគឺប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជាលោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២។
គួរបញ្ជាក់ថា សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះនឹងបិទបញ្ចប់សំណុំរឿង០០២/០២ក៏ដូចជាសំណុំរឿង០០២ទាំងមូល បន្ទាប់ពីដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន រហូតដល់ការជំនុំជម្រះនិងការប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញានេះ។
ញលោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការ សាធារណៈនិងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានថ្លែងថា សំណុំរឿង០០២ជាសំណុំ រឿងដ៏មានសារសំខាន់ដែលបណ្តុំទៅដោយអតីតមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហមបួនរូប ជាជនជាប់ចោទ រួមមាន៖ទី១.លោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជានិងជាអតីតប្រធានសភាតំណាងប្រជាជន
នៃរបបខ្មែរក្រហម, ទី២. លោក ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម, ទី៣. លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម និងទី៤. លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម។
នៅចុងបញ្ចប់នៃសំណុំរឿងនេះ ជនជាប់ចោទមួយរូបក្នុងចំណោមបួនរូប គឺអតីតប្រធានគណៈប្រធានរដ្ឋ ខៀវ សំផន បច្ចុប្បន្នមានអាយុ៩១ឆ្នាំនៅរស់រានមានជីវិតនិងបានចូលរួមក្នុងដំណើរការនីតិវិធីច្បាប់រហូតដល់សំណុំ រឿងបិទបញ្ចប់ទាំងស្រុង ខណៈដែលជនជាប់ចោទបីរូបផ្សេងទៀតមាន៖ លោក អៀង សារី (មរណភាពខែមីនា ឆ្នាំ២០១៣),លោកស្រី អៀង ធីរិទ្ធ (ស្លាប់នៅខែសីហា ឆ្នាំ២០១៥ក្រោយរកឃើញថាមានជំងឺវង្វេងវង្វាន់បាត់ ការចងចាំ, បានស្លាប់នៅក្នុងដំណើរការនីតិវិធីជំនុំជម្រះ) រីឯលោក នួន ជា មានពិរុទ្ធភាពនិងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងបានស្លាប់នៅក្នុងដំណាក់កាលបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

លោកបញ្ជាក់ថា សាលដីកាសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន គឺជា សាលដីកាចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងបេសកកម្មស្វែងរកការពិតនិងយុត្តិធម៌ជូនជនរងគ្រោះកម្ពុជាតាមរយៈការជំនុំជម្រះក្តីប្រឆាំងទៅលើជនពីរជំពូក។គឺអតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួល ខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតលើឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងនៅ ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលក្នុងនោះពលរដ្ឋខ្មែរចន្លោះ ១,៧លាន ទៅ ២,២លាននាក់ បានស្លាប់បាត់បង់ជីវិតដោយអំពើអមនុស្សផ្សេងៗ។ នេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់តុលាការ ចម្រុះកម្ពុជា-អង្គការសហប្រជាជាតិ និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជាជាពិសេសជនរងគ្រោះនៃរបប ខ្មែរក្រហមដែលបានទទួលនូវសាលដីកាថ្មីមួយទៀតនិងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×