Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ADB ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ ពី ៦,៥% មកត្រឹម ៦,២% និងរក្សាការព្យាករណ៍កម្ពុជា ៥,៣% នៅឆ្នាំ២០២២

spot_img

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ៥,៣% ក្នុងឆ្នាំ ២០២២នេះ និងបានទម្លាក់ការព្យាករណ៍ឆ្នាំ ២០២៣ ពី ៦,៥%  មកនៅត្រឹម ៦,២% ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកចុះខ្សោយ។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០២២ របស់ធនាគារ ADB ដែលបានចេញផ្សាយនៅថ្ងៃទី ២១ខែកញ្ញា បានបង្ហាញថា ទិន្នផលផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំ ដោយបានកត់ត្រាកំណើន ៣៩,៨% នៅឆមាសទីមួយឆ្នាំនេះ បើទោះបីជាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប មានការធ្លាក់ចុះក៏ដោយ។

វិស័យផលិតកម្មមិនមែនកាត់ដេរ បានបន្តសន្ទុះកំណើនខ្លាំង ចំណែកឯសំណង់ ក៏បានងើបឡើងវិញជាបន្តបន្ទាប់ ដោយការនាំចូលសម្ភារសំណង់កើនឡើង ២២,៨%។ ទិន្នផលឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៩,១% នៅឆ្នាំ២០២២នេះ មុនពេលមានកម្រិតមធ្យមមកត្រឹម ៨,៦% នៅឆ្នាំ ២០២៣ ដោយសារតម្រូវការខាងក្រៅខ្សោយ។

លោកស្រី Jyotsana Varma នាយិកាធនាគារ ADB ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងនៃការនាំចេញផលិតផលផលិតរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗនៅក្នុងវិស័យសំណង់ និងសេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២២ ទោះបីជាមានការធ្លាក់ចុះនៃកំណើនកសិកម្មដែលបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងជី និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។

លោកស្រី Jyotsana Varma បានបន្តលើកឡើងថា អន្តរាគមន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាល ដូចជាកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃទំនិញលើពិភពលោកលើជនក្រីក្រ។

គួរបញ្ជាក់ថា ដោយឡែកបើរបាយការណ៍ ADB បានកែប្រែការព្យាករណ៍អតិផរណាឆ្នាំ២០២២ ៥% ពីការព្យាករណ៍ ៤,៧% កាលពីខែមេសា ដោយសារឥទ្ធិពលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ហើយការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំ ២០២៣ ត្រូវបានរក្សាទុកនៅ ២,២%ដដែល៕

spot_img
×