Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តប្រតិភូធុរកិច្ចកូរ៉េជាង ៨០០០ក្រុមហ៊ុន ឲ្យប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដើម្បីភាពប្រសើរឡើងនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម

spot_img

ភ្នំពេញ៖ ប្រតិភូធុរកិច្ច នៃសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association – KOIMA) ដឹកនាំដោយ លោក KIM Byung Kwan ជាប្រធាន បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនោះ មន្រ្តីក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា លោក KIM Byung Kwan, បានជម្រាបថា សមាគមអ្នកនាំចូលកូរ៉េរបស់លោក បង្កើតឡើងនៅឆ្នាំ១៩៧២ ដែលគិតមកទល់ពេលនេះ មានអាយុកាល ៥២ឆ្នាំ ហើយមានសមាជិកចំនួន ៨៣០០ ក្រុមហ៊ុន ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យចំណីអាហារ គ្រឿងបន្លាស់ Software គ្រឿងសម្អាង វត្ថុធាតុដើម វាយនភណ្ឌ កសិកម្ម និងសេវាកម្មជាដើម។

ឯកឧត្តម កឹម ស៊ីថន បានស្វាគមន៍ ចំពោះទស្សនកិច្ចស្វែងយល់ និងចាប់យកនូវកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជារបស់សមាគមអ្នកនាំចូលកូរ៉េ ដោយសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យ គណៈប្រតិភូជ្រាបច្បាស់ថែមទៀត ពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជា បានដាក់ចេញនូវវិធានការមុតស្រួចដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ បានដោយជោគជ័យ ដោយបច្ចុប្បន្នអត្រាអ្នកឆ្លងកាន់តែថយចុះគួឱ្យកត់សម្គាល់ខណៈដែលអត្រាអ្នកបានចាក់វាំងសាំងកូវីដ១៩កើនដល់ជិត ៩៥% ធៀបនឹងប្រជាជនសរុប១៦ លាននាក់ និងបានប្រកាសបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យផងដែរ។

ឯកឧត្តម បន្តថា ក្រសួងពាណិជ្ជកម្ម បានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។

ឯកឧត្តម បានលើកទឹកចិត្តដល់គណៈប្រតិភូសមាគមន៍អ្នកនាំចូលកូរ៉េ ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អសិប (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២នេះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េ មានចំនួនជាង ១៦៥លានដុល្លារ កើនឡើង ២១% ខណៈការ នាំចូលពីកូរ៉េ មានទំហំទឹកប្រាក់ជាង ៣៩៣លានដុល្លារ កើនជាង ១% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២១៕

spot_img
×