កណ្តាល៖ នគរបាលស្រុកល្វាឯម បានឲ្យដឹងថា បុរសសង្ស័យម្នាក់ជាឪពុកចុង ត្រូវបាននគរបាលចាប់ខ្លួន ក្រោយធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកុមារីជាកូនចុងរបស់ខ្លួន នៅថ្ងៃទី៣១ខែឧសភា២០១៨ នៅចំណុចផ្ទះជួលស្នាក់នៅរបស់ជនសង្ស័យ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះវ.ដ.ណ ភេទស្រី អាយុ ៥ឆ្នាំជនជាតិខ្មែរ។ ជនសង្ស័យ ឈ្មោះ វង្ស សុខា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល (ឪពុកចុងជនរងគ្រោះ)។ មុនថ្ងៃកើតហេតុ រយៈពេលមួយសប្តាហ៍ ម្តាយក្មេងរងគ្រោះ បានយកកូនអាយុ៦ខែ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដោយទុកកូនស្រីម្នាក់ទៀត ឈ្មោះវ ដ ណ អាយុ៥ឆ្នាំនៅជាមួយប្តី (ជនសង្ស័យ) ត្រូវជាឪពុកចុង រហូតរយៈពេល៤ថ្ងៃ កូនស្រីឈ្មោះវ.ដ.ណ ឈឺ ជនសង្ស័យត្រូវជាឪពុកចុង បានយកកូនទៅផ្ញើម្តាយមីងនៅភ្នំពេញ ។ លុះនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨ ជនរងគ្រោះ ក្តៅខ្លួនខ្លាំង ម្តាយមីងបានឲ្យឈ្មោះវ៉ន សុធី យកទៅពេទ្យបង្អែករាជធានី ពេទ្យបានពិនិត្យឃើញប្រដាប់ភេទក្មេងរងគ្រោះមានបញ្ហា ភ្លាមៗនោះ ឈ្មោះវ៉ន សុធី បានប្តឹងទៅអង្គការការពារកុមារ ។
លុះនៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង១៤ ម្តាយជនរងគ្រោះ បានដាក់ពាក្យប្តឹងជនសង្ស័យឈ្មោះ វង្ស សុខា ត្រូវជាប្តីបញ្ជូនមកសមត្ថកិច្ច។ ក្រោយពេលទទួលពាក្យបណ្តឹងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ