Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បានពិភាក្សាអំពីការជំរុញ កិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្កំប៊ី និងប្រេស៊ីល

ភ្នំពេញៈ នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្កំប៊ី និងប្រស៊ីល ដើម្បីពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង ទ្វេភាគី។ នៅក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ នេះបើយោងតាមសេចក្តីព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងការបរទេសកម្ពុជាបានបន្តថា ជំនួបជាមួយ ឯកឧត្តមបណ្ឌិត Mamadou Tangara រដ្ឋមន្រ្ដីការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអណិកជនហ្កំប៊ី នៃសាធារណរដ្ឋហ្កំប៊ី៖
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តមបណ្ឌិត Mamadou Tangara បានឯកភាព រៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យដែលមានសក្តានុពលភាព រួមទាំង វិស័យកសិកម្មផង រវាងកម្ពុជា និងប្រទេសហ្កំប៊ី។ ដើម្បីអាចដំណើរការបាន ភាគីទាំងពីរបានយល់ស្របគ្នាធ្វើយ៉ាងណាសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការនៃប្រទេសទាំងពីរ ដែលនឹងជួយសម្រួលដល់ការផ្លាស់ប្តូរមន្រ្តីរាជការ រួមទាំងរវាងស្ថាប័ន នីតិប្បញ្ញត្តិផងដែរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពគ្នាថា ភាគីទាំងពីរគួរគិតគូអំពីការបង្កើតកុងស៊ុលកិត្តិយសនៅក្នុងប្រទេសរៀងៗខ្លួន ដើម្បីជំរុញការភ្ជាប់ទំនាក់ទំនង និងធុរកិច្ច។ ភាគី ទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា-ហ្កំប៊ី និងការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកនៅក្នុងអង្គការតំបន់ និងអន្តរជាតិនានា។

ជំនួបជាមួយ ឯកឧត្តម Carlos Alberto Franco França រដ្ឋមន្ត្រីការបរទេសប្រេស៊ីល៖
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរប្រេស៊ីលដែលទើបទទួលបានឋានៈជាដៃគូ សន្ទនាតាមវិស័យរបស់អាស៊ាន និងបានឯកភាពជាមួយសមភាគីប្រេស៊ីលរបស់ឯកឧត្តមថា នៅមាន វិស័យសក្តានុពលជាច្រើនទៀតសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ប្រេស៊ីល និងកម្ពុជា-ប្រេស៊ីល។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងសុទិដ្ឋិនិយមថា កិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសកម្ពុជា និងប្រេស៊ីល ដែលនឹងប្រព្រឹត្តទៅក្នុងខែធ្នូឆ្នាំនេះ នឹងពង្រីកទំហំពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម Carlos Alberto Franco França បានបង្ហាញពីបំណងចង់បើក ស្ថានទូតប្រេស៊ីលប្រចាំនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តម ក៏បានស្វាគមន៍ចំពោះបំណងរបស់កម្ពុជាចង់បើកស្ថានទូតរបស់ខ្លួន នៅទីក្រុង Brasilia នាពេលខាងមុខផងដែរ។ លើសពីនេះ រដ្ឋមន្ត្រី ទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ប្រេស៊ីល និងបានសន្យាបង្កើនការគាំទ្រគ្នាក្នុងក្របខ័ណ្ឌអន្តរជាតិ។

ជំនួបជាមួយលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី៖
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្និទ្ធស្នាលជាមួយលោកជំទាវ Louise Mushikiwabo ស្តីពីការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ជាពិសេសក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការ វិនិយោគនៅក្នុងរង្វង់អង្គការនេះ។ ភាគីទាំងពីរបានយល់ស្របគ្នាថា មានវិស័យសក្តានុពលជាច្រើនដែលសមាជិក OIF អាចសហការគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក ដូចជាវិស័យកសិកម្ម និងថាមពលកកើតឡើងវិញ។ លោកជំទាវ Louise Mushikiwabo បានរំឮកឡើងវិញដោយក្តីរីករាយក្រៃលែងអំពីទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យរបស់លោកស្រី កាលពីខែមីនាឆ្នាំនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×