គ្រូស្រីម្នាក់បង្រៀននៅសាលាមធ្យមសិក្សាសាធារណៈមួយ នៅភាគកណ្តាលនៃខេត្ត Chonburi ប្រទេសថៃ បានកំពុងប្រឈមមុខនឹងវិធានការដាក់វិន័យ បន្ទាប់ពីនាងបានរឹបអូស «អាវទ្រនាប់» ស្រី៣នាក់ ដើម្បីជាការ «ដាក់ទណ្ឌកម្ម» ដោយបានចោទពួកគេថាបានបំពានច្បាប់ស្លៀកពាក់របស់សាលា ។
ក្រោមសាកសួរដោយមន្ត្រីក្រសួងអប់រំកាលពីម្សិលមិញ គ្រូស្រីនេះដែលមានឈ្មោះថា Danita Taechasiri បង្រៀននៅសាលា Surasak Witthayakhom បានសារភាពថាបានបង្ខំសិស្សស្រី៣នាក់រៀនថ្នាក់ទី៨ ឲ្យដោះអាវទ្រនាប់ចេញ កាលពីថ្ងៃច័ន្ទ ដោយសារពួកគេបំពានច្បាប់សាលា ដោយពុំមិនពាក់យឺតក្នុង (camisole) ពីក្រោមឯកសណ្ឋានសាលារបស់ពួកគេ ប្រកបដោយភាពថ្លៃថ្នូរ ព្រោះថា អាវឯកសណ្ឋានសិស្សសាលាថៃ ត្រូវបានធ្វើពីក្រណាត់ស្តើង ដែលសឹងតែឆ្លុះឃើញសាច់តែម្តង ។
នៅលើ status ហ្វេសប៊ុកសិស្សស្រីម្នាក់ បាននិយាយថា នាងត្រូវពាក់សាកាដូរបស់នាង ពីខាងមុខ ដើម្បីការពារដើមទ្រូងរបស់នាងបង្ហាញ ។
អធិការស្រុកលោក Somsak Thongniam កាលពីម្សិលមិញ បានកោះប្រជុំជាមួយគ្រូបង្រៀននោះ, នាយកសាលា, ស្រីស្រី៣នាក់ និងអាណាព្យាបាលរបស់ពួកគេ នៅប៉ុស្តិ៍ប៉ូលីស ។
ម្នាក់ក្នុងចំណោមសិស្សស្រីទាំង៣ ដែលសុំពុំបញ្ចេញឈ្មោះ បានប្រាប់មន្ត្រីថា៖ «គ្រូរបស់នាងបានត្រួតពិនិត្យសិស្សគ្រប់គ្នា ។ មិត្តភក្តិខ្ញុំ២នាក់ និងខ្ញុំពុំបានពាក់អាវយឺតក្នុង ទ្រាប់ឯកសណ្ឋានទេ ។ អ្នកគ្រូបានស្នើពួកខ្ញុំឲ្យទៅកាន់ការិយាល័យ ហើយបន្ទាប់មក បានប្រាប់ពួកខ្ញុំឲ្យដោះអាវចេញ» ។
នាងបានបន្ថែមថា៖ «ពួកខ្ញុំបានធ្វើតាម… ពួកខ្ញុំបានដោះអាវចេញ ប៉ុន្តែ គ្រូនិយាយថា ‘អត់យល់ព្រមទេ ត្រូវតែដោះអាវទ្រនាប់ចេញទៀត’ ។ ហើយអ្នកគ្រូក៏បាននិយាយថា នឹងរឹបអូសអាវទ្រនាប់របស់ពួកខ្ញុំ ហើយប្រគល់ឲ្យវិញនៅចុងថ្ងៃ» ។
អ្នកគ្រូ Danita និយាយថា៖ «ខ្ញុំបានប្រាប់កូនសិស្សស្រីៗទាំងអស់ ឲ្យពាក់អាវយឺតពីក្នុង មិនមែនខ្ញុំពុំបានប្រាប់ឯណា? ។ ហើយខ្ញុំក៏សូមប្រាប់ទៅអាណាព្យាបាលផងដែរ ត្រូវតែធានាថា ឲ្យកូនៗរបស់ពួកគេធ្វើតាមច្បាប់ស្លៀកពាក់ផង ។ ប៉ុន្តែ នៅពេលនេះ ខ្ញុំសូមទទួលស្គាល់ថា អ្វីដែលខ្ញុំបានធ្វើ គឺជាទង្វើខុសឆ្គងធ្ងន់មួយ ហេតុនេះ ឲ្យខ្ញុំសុំទោសផងចុះ» ។
អ្នកគ្រូរូបនេះ ក៏បាននិយាយទាំងទឹកភ្នែកថា៖ «អ្វីៗដែលខ្ញុំបានធ្វើ… ខ្ញុំចង់ឲ្យកូនសិស្សរបស់ល្អ ប៉ុន្តែ ប្រហែលការដាក់ទណ្ឌកម្មនេះ វាធ្ងន់ធ្ងរពេហើយ! ។ ខ្ញុំស្រលាញ់ក្មេងទាំងអស់ ដោយចាត់ទុកពួកគេដូចជាកូនរបស់ខ្ញុំអីចឹង» ។
ទោះយ៉ាងណា នៅពេលនេះ ខាងសាលារៀនក៏បានចាត់តាំងគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតករណីនេះ ហើយថានឹងគួរកំណត់ថាតើត្រូវដាក់វិន័យបែបណាខ្លះ ៕ ឧត្តម