Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ថោង ខុន ណែនាំឱ្យមន្ទីរទេសចរណ៍ទប់ស្កាត់ ល្បែងស៊ីសង ក្នុងអាជីវកម្មទេសចរណ៍

spot_img

ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់សកម្មភាពល្បែងស៉ីសងនៅទូទាំងប្រទេស ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសឱ្យប្រធានមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្តចូលរួមសហការទប់ស្កាត់សកម្មភាពល្បែងស៉ីសងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានផុសផុល។

តាមរយៈសារាចរណែនាំស្ដីពីការបង្ការនិងទប់ស្កាត់សកម្មភាពល្បែងស៊ីសងនៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានណែនាំទៅកាន់ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ត្រូវបន្តចុះក្រើនរំលឹកនិងណែនាំ ដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់ច្បាប់ បទប្បញ្ញត្តិជាធរមាន និងលក្ខខណ្ឌនានាដែលមានភ្ជាប់នឹងអាជ្ញាបណ្ណទេសចរណ៍។

ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវចាត់តាំងឱ្យមានបុគ្គលិកប្រចាំការ ដើម្បីតាមដាន និងរាយការណ៍ ឬប្ដឹងជាបន្ទាន់ទៅនគរបាលទេសចរណ៍ និងអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ក្នុងករណីសង្ស័យថា មានការប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឬបទល្មើសផ្សេងទៀត។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តណែនាំឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយមិនត្រូវធ្វេសប្រហែស ឬបង្កលក្ខណៈឱ្យជនឆ្លៀតឱកាសប្រើប្រាស់ ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ ជាកន្លែងប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឬបទល្មើសផ្សេងទៀតនោះឡើយ។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមានកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដី ដើម្បីអនុវត្តចំពោះអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងឡាយណា ដែលមិនបានរៀបចំទីតាំងរបស់ខ្លួនតាមការណែនាំ ទោះបីជាអចេតនាក្តីនឹងក្លាយជាកម្មវត្ថុ នៃការលុបចោលអាជ្ញាបណ្ណទេសចរណ៍ ស្របតាមស្មារតីមាត្រា៤៤ នៃច្បាប់ស្តីពីទេសចរណ៍។

គួរជម្រាបថា ការចេញសារាចរណែនាំនេះធ្វើឡើង ដោយយោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដែលបញ្ជាឱ្យក្រសួង ស្ថាប័ន មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធចូលរួមបង្រ្កាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×