កងទ័ពជើងទឹកអាមេរិកនៅថ្ងៃទី ៣០ ខែឧសភា ប្រកាសថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស ២៦ ដែលនឹងចូលរួមក្នុងសមយុទ្ធយោធាជើងទឹក “ខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក” (RIMPAC) តែប៉ុន្មានថ្ងៃក្រោយពេលដែលដកហូតមកវិញនូវការអញ្ជើញចិនចូលរួមព្រោះតែក្រុងប៉េកាំង “យោធូបនីយកម្ម” សមុទ្រចិនខាងត្បូង ។
រូបភាពនៃការធ្វើសមយុទ្ធ RIMPAC ឆ្នាំ ២០១៦
នេះជាលើកដំបូងហើយដែលវៀតណាមបានចូលរួមក្នុងសមយុទ្ធពហុជាតិ តាមគម្រោងនឹងប្រព្រឹត្តទៅនៅហាវ៉ៃ នៅភាគខាងត្បូងកាលីហ្វ័រនីញ៉ា ពីថ្ងៃទី ២៦ ខែមិថុនាដល់ថ្ងៃទី ២ ខែសីហា ។
របាយការណ៍របស់កងទ័ពជើងទឹកអាមេរិកឲ្យដឹងថា ក្នុងសមយុទ្ធទ្រង់ទ្រាយធំរៀបចំឡើងក្នុងអំឡុងពេល ២ឆ្នាំម្តង មាននាវាប្រយុទ្ធ ៤៧គ្រឿង នាវាមុជទឹក ៥គ្រឿង និងយន្តហោះជាង ២០០គ្រឿង ព្រមទាំងពលទាហាន ២០.០០០នាក់ និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្រៅពីវៀតណាម ក៏នៅមានប្រទេសជាច្រើននៅទ្វីបអាស៊ីផ្សេងទៀតជាអាទិ៍ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីនចូលរួមផងដែរ ។
សមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូង គួររំលឹកថា “នៅថ្ងៃទី ៣១ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang បាននិយាយថា ការហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់ចិន នៅប្រជុំកោះស្លាបលីថ្មីៗកន្លងមកនេះគឺបានបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពរបស់វៀតណាម” ៕ សូយន