Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិអ៊ុយក្រែន ប្រឈមមុខនឹងការចោទប្រកាន់ពីបទក្បត់ជាតិ សម្រាប់អ្នកពាក់ព័ន្ធការធ្វើប្រជាមតិ

spot_img

រដ្ឋធានីកៀវ៖ ស្របពេលក្រុងមូស្គូកំពុងតែដំណើរការរៀបចំធ្វើប្រជាមតិ នៅក្នុងតំបន់ចំនួន៤របស់អ៊ុយក្រែន ដើម្បីដាក់ជាទឹកដីរបស់រុស្ស៊ី នោះ អាជ្ញាធរក្រុងកៀវ បានព្រមានយ៉ាងធ្ងន់ធ្ងរ ដល់ជនជាតិអ៊ុយក្រែនទាំងឡាយណា មានការជាប់ពាក់ព័ន្ធនឹងករណីនេះ ហើយពួកគេត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទ ក្បត់ជាតិ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា ថា រដ្ឋាភិបាលក្រុងកៀវ បានព្រមាន ថា ជនជាតិអ៊ុយក្រែន ណា ដែលជួយដល់ការបោះឆ្នោត និង ការដាក់បញ្ចូលទឹកដីរបស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់រុស្ស៊ី នឹងត្រូវប្រឈមមុខការចោទប្រកាន់ ពីបទក្បត់ជាតិ ហើយត្រូវជាប់ពន្ធនាគារ យ៉ាងហោចណាស់ រយៈពេល៥ឆ្នាំ។

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mikhailo) Podolyak) ទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានប្រាប់ដល់សារព័ត៌មាន Blick របស់ប្រទេសស្វីស ថា «យើងមានបញ្ជីឈ្មោះមនុស្ស ជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតប្រជាមតិនេះអស់ហើយ។ ឥឡូវ យើងកំពុងតែនិយាយ អំពីអ្នកសហការរាប់រយនាក់។ ពួកគេ នឹងត្រូវកាត់ទោស ពីបទក្បត់ជាតិ ហើយប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងតិច៥ឆ្នាំ»។

ទោះជាយ៉ាងណាក៏ដោយ លោកទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន រូបនេះ ក៏បានអះអាងផងដែរ ថា ជនជាតិអ៊ុយក្រែន ទាំងឡាយណា ដែលត្រូវរងនូវការបង្ខិតបង្ខំ ដើម្បីឲ្យទៅបោះឆ្នោតធ្វើប្រជាមតិ ក៏នឹងមិនត្រូវបានទទួលរងនូវការផ្ដន្ទាទោសនោះឡើយ។

ការធ្វើប្រជាមតិ ដាក់ជាឧបសម្ព័ន្ធ នៅក្នុងតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី នឹងឈានដល់ការបិទបញ្ចប់ នៅថ្ងៃអង្គារ ដែលជាការត្រួសត្រាយផ្លូវ សម្រាប់ក្រុងម៉ូស្គូ ដណ្តើមយកទឹកដីជាផ្លូវការ បន្ថែមទៀត និង ពង្រីកប្រតិបត្តិការយោធារបស់ខ្លួន ដែលអាចធ្វើទៅបាន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាង។ ការបោះឆ្នោត ថាតើត្រូវចូលរួមរួមជាមួយនឹងរុស្ស៊ី នោះ ត្រូវបានធ្វើឡើង នៅក្នុងតំបន់ឃើរសុន (Kherson), តំបន់លូហានស្ក៍ (Luhansk), តំបន់ដូណែតស្ក៍ (Donetsk) និង តំបន់ហ្សាប៉ូរីហ្ស៊ា (Zaporizhia)។ តំបន់ទាំង៤ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី ហើយត្រូវបានបោះឆ្នោតធ្វើប្រជាមតិនោះ មានទំហំស្មើនឹង១៥ភាគរយ នៃទឹកដីទាំងមូលរបស់អ៊ុយក្រែន។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានរាយការណ៍ ថា មានមនុស្សជាច្រើន បានទៅបោះឆ្នោត ខណៈរដ្ឋាភិបាលក្រុងកៀវ និង សម្ពន្ធមិត្តបស្ចិមលោករបស់អ៊ុយក្រែន បានទាត់ចោល ចំពោះការស្ទង់មតិបោកប្រាស់នេះ។

សារព័ត៌មាន RIA Novosti គាំទ្រ ដោយវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានឲ្យដឹង ថា នៅក្នុងទីក្រុង Luhansk កាន់កាប់ ដោយក្រុមឧទ្ទាម អត្រា នៃការបោះឆ្នោត គឺលើសពី៩០ភាគរយ គិតត្រឹមព្រឹក ថ្ងៃអង្គារ ទី២៧ ខែកញ្ញា។ ក្រុងមូស្គូ ទទូចថា ការបោះឆ្នោត គឺធ្វើឡើងដោយស្ម័គ្រចិត្ត ហើយការបោះឆ្នោត ត្រូវតែមានយុត្តិធម៌ ប៉ុន្តែលទ្ធផល នៃការបោះឆ្នោតនេះ នឹងចៀសមិនផុត ពីការដាក់បញ្ចូលទឹកដីទាំងនោះ ទៅជាឧបសម្ព័ន្ធរបស់រុស្ស៊ី ។

នៅពេលរុស្ស៊ី បានធ្វើប្រជាមតិ នៅគ្រីមៀ (Crimea) ក្រោយការរឹបអូសឧបទ្វីបនេះ នៅក្នុងឆ្នាំ២០១៤ ក្រុងមូស្គូ បានប្រកាសថា ប្រជាជនចំនួន៩៧ភាគរយ បានបោះឆ្នោត ដើម្បីចូលរួមជាមួយនឹងរុស្ស៊ី។

ទោះជាយ៉ាងណា សម្ពន្ធមិត្ត ជាប្រពៃណីរបស់រុស្ស៊ី មានជាអាទិ៍ ប្រទេសស៊ែប៊ី (Serbia) និង កាហ្សាក់ស្ថាន បានបញ្ជាក់ ថា ពួកគេ នឹងមិនទទួលស្គាល់នូវការបោះឆ្នោតធ្វើប្រជាមតិ ដាក់តំបន់ទាំង៤ចុងក្រោយរបស់អ៊ុយក្រែន ទៅជាឧបសម្ព័ន្ធរបស់រុស្ស៊ី នោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×