រដ្ឋធានីកៀវ៖ ស្របពេលការបោះឆ្នោតធ្វើប្រជាមតិ ដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន គ្រប់គ្រង ដោយកម្លាំងទាហានក្រុងមូស្គូ ទៅជាឧបសម្ព័ន្ធរបស់រុស្ស៊ី កំពុងតែដំណើរការនោះ រុស្ស៊ី បានទទូចម្តងទៀតថា ខ្លួនមានសិទ្ធិ នៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើទឹកដីរបស់ខ្លួន បានរងនូវការគំរាមកំហែង។
សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា ថា ក្រុមអ្នកវិភាគ បានអះអាង ថា កាលពីថ្ងៃអង្គារ ជាថ្ងៃចុងក្រោយ នៃការបោះឆ្នោតធ្វើប្រជាមតិ ស្តីពីការដាក់បញ្ចូលតំបន់ចំនួន៤ ដើម្បីចូលរួមជាមួយរុស្ស៊ី។ ចំណែក ការបោះឆ្នោតនេះ ត្រូវបស្ចិមលោកចាត់ទុកថា ជាការក្លែងបន្លំ និង មិនស្របច្បាប់ ទំនងជានឹងត្រួសត្រាយផ្លូវ សម្រាប់រុស្ស៊ី នៅក្នុងការប្រកាសថា ក្រុងមូស្គូ បានបញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន តៅជាទឹកដីរបស់រុស្ស៊ី នៅចុងសប្តាហ៍នេះ។
ការបោះឆ្នោតធ្វើប្រជាមតិនេះ បាន និង កំពុងប្រព្រឹត្តទៅ នៅក្នុង«សាធារណរដ្ឋ»ស្វ័យប្រកាសចំនួន២ គាំទ្រដោយរុស្ស៊ី ស្ថិតក្នុងទីក្រុងដូណែតស្ក៍ (Donetsk) និង លូហានស្ក៍ (Luhansk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន ហើយតំបន់ភាគខាងត្បូង ប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រង ដោយកងទ័ពរុស្ស៊ី រួមមាន តំបន់ហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) និង តំបន់ឃើរសុន (Kherson)។
ជាមួយគ្នានេះ គេមានរបាយការណ៍ជាច្រើន ស្ដីអំពីការបោះឆ្នោត ត្រូវបានរៀបចំឡើង ហើយការបង្ខិតបង្ខំ និង ការបង្ខិតបង្ខំឲ្យប្រជាជនរស់នៅក្នុងតំបន់កាន់កាប់ដោយក្រុងមូស្គូ នៅលើទឹកដីអ៊ុយក្រែន បោះឆ្នោតគាំទ្រការចូលរូមជាមួយរុស្ស៊ី។
ដោយឡែក រុស្ស៊ី បានលើកឡើងម្ដងហើយម្ដងទៀត ថា ក្រុងមូស្គូ មានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើទឹកដីរបស់រុស្ស៊ី បានរងនូវការគំរាមកំហែង។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែកញ្ញា ថា លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី និង ជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី របស់លោក ពូទីន កាលពីថ្ងៃអង្គារ បានបញ្ចេញសំឡេងគំរាមកំហែង នៅក្នុងភាពមិច្បាស់លាស់មួយ។
លោក មេដវេដេវ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «យើងស្រមៃថា រុស្ស៊ី ត្រូវបានបង្ខិតបង្ខំឲ្យប្រើប្រាស់អាវុធដ៏មានអានុភាពខ្លាំងក្លាបំផុត ប្រឆាំងនឹងរបបដឹកនាំរបស់អ៊ុយក្រែន ដែលបានប្រព្រឹត្ត អំពើឈ្លានពានទ្រង់ទ្រាយធំ ព្រោះវាជាគ្រោះថ្នាក់ សម្រាប់អត្ថិភាពនៃរដ្ឋរបស់យើង។ ខ្ញុំជឿថា អង្គការ NATO នឹងទប់ស្កាត់មិនឲ្យមានការជ្រៀតជ្រែកដោយផ្ទាល់ នៅក្នុងជម្លោះ ពាក់ព័ន្ធនឹងករណីនេះទេ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN















