Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីជប៉ុន ឆ្លៀតបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុន Toyota ជប៉ុន នឹងបង្កើតរោងចក្រផ្គុំ ដំឡើងរថយន្ដនៅកម្ពុជាឆាប់ៗនេះ

spot_img

ជប៉ុន ៖ ជាកិច្ចការប្រញាប់មួយ មុនពេល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាកចេញពីទីក្រុងតូក្យូ មកកាន់មាតុប្រទេសវិញនោះ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានឆ្លៀតបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Toyota របស់ជប៉ុន នឹងបង្កើតរោងចក្រផ្គុំ ដំឡើងរថយន្ដ នៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ការបញ្ជាក់ប្រាប់ពីមុខជំនួញរថយន្តដ៏ធំមួយនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដែលមិនដល់មួយម៉ោង មុនពេលចាកចេញពីទីក្រុងតូក្យូ មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ, លោក គីស៊ីដា ហ្វូមីអូ បានថ្លែងទៅកាន់សម្តេចតេជោ ហ៊ុន សែន ថា ជប៉ុនរីករាយនឹងធ្វើការជាមួយកម្ពុជា ជានិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំង២។

ជាជំនួបពិភាក្សាក្រោយពេលពិធីបុណ្យសពថ្នាក់ជាតិ របស់ លោក ស៊ិនហ្សូ អាបេ, នាយករដ្ឋមន្ត្រីជប៉ុន រូបនេះ បានស្នើឱ្យសម្តេចតេជោ ហ៊ុន សែន គាំទ្រក្រុមហ៊ុនរបស់ជប៉ុនដែលកំពុងប្រតិបត្តិការធុរកិច្ចស្រាប់ និងមួយចំនួនធំទៀតកំពុងរៀបចំផែនការទៅបណ្ដាក់ទុនរកស៊ី ធ្វើពាណិជ្ជកម្ម នៅកម្ពុជា, ជាពិសេសនោះ គឺក្រុមហ៊ុន Toyota កំពុងរៀបចំទៅបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ។

បើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងថា ក្រុមហ៊ុន Toyota បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួន ៣៦.៧លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជា។ គម្រោងវិនិយោគនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។

គួរបញ្ជាក់ថា គិតត្រឹម ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន ១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៩ប៊ីលានដុល្លារ ដែលនឹងត្រូវធ្វើអាជីវកម្ម ពាណិជ្ជកម្ម បណ្ដាក់ទុនរកស៊ីនៅកម្ពុជា ជួយជំរុញចលនាសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែងើបឡើងខ្លាំងក្លា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×