ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញប្រកាសបើកកម្មវិធីចាក់ភាពយន្តចម្រៀង ជីវិតក្មេងវត្ត ដែលជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីប្រកាសបើកចាក់បញ្ចាំងភាពយន្តចម្រៀង ជីវិតក្មេងវត្ត ដែលផលិតដោយសមាគមសិល្បករខ្មែរ ដឹកនាំរឿងដោយ លោក ហ្វៃ សំអាង។
“ជីវិតក្មេងវត្ត” ជាភាពយន្តចម្រៀងស្តីពីជីវិតពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងដំណើរជីវិតរបស់សម្តេចពោរពេញទៅដោយការតស៊ូ ព្យាយាមអំណត់អត់ធន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គដើម្បីក្រេបយកចំណេះវិជ្ជា។
ចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្ដម លោកជំទាវ អ្នកឧញ៉ា លោកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី មន្រ្ដីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សរុបប្រមាណ ២០០០នាក់។
ឆ្លៀតឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនលោក ហ្វៃ សំអាង និងបានប្រគល់បណ្ណ័សរសើរជូនដល់សិល្បករសិល្បការិនី ព្រមទាំងក្រុមការងារដែលបានចូលរួមផលិតភាពយន្តចម្រៀងបទ ជីវិតក្មេងវត្ត នេះផងដែរ។ រក្សាសិទ្ធិដោយ ៖ សុទ្ធលី


















