ក្មេងស្រីជំទង់ម្នាក់ ដែលត្រូវបានដឹងថាពិការភ្នែក ប៉ុន្តែ នាងមានសមត្ថភាពដ៏អស្ចារ្យ ដោយអាចប្រើឆ្មេញខាំហែកសំបកដូងបានយ៉ាងងាយស្រួល ដែលធ្វើឲ្យអ្នកទស្សនាជាច្រើនព្រឺព្រួចជំនួសជាខ្លាំង ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីជំទង់ឈ្មោះ Sarah Gen Gusinalem អាយុ ១៣ ឆ្នាំ បានចាប់ផ្តើមជួយឪពុករបស់នាង ក្នុងការប្រមូលផ្លែឈើនៅចម្ការសាច់ដូងស្ងួត នៅក្នុងខេត្ត Bohol ប្រទេសហ្វីលីពីន ។
ប៉ុន្តែ នាងពុំត្រូវបានអនុញ្ញាតឲ្យប្រើកាំបិត ដើម្បីពុះជ្រែកបំបែកសំបករឹងរបស់ផ្លែដូងទេ ព្រោះតែបារម្ភនាងរងរបួសខ្លួនឯង ហេតុនេះ នាងក៏តែងព្យាយាមជាមួយបច្ចេកទេសប្រើឆ្មេញរបស់នាង ដើម្បីហែកសំបកដូង ។
គួរបញ្ជាក់ថា ការហែកសំបកដូងនេះ គឺដើម្បីបញ្ចេញសាច់ស្រស់ខាងក្នុងរបស់វា ប្រមូលផលយកទៅលក់នៅលើទីផ្សារក្នុងស្រុក ។
Sarah និយាយថា៖ «ខ្ញុំមានបងប្អូនប្រុសស្រីចំនួន ៨ នាក់ ។ ខ្ញុំចង់ធ្វើអ្វីៗដែលខ្ញុំអាចជួយឪពុកខ្ញុំ ដើម្បីរកលុយចិញ្ចឹមមើលថែពួកគេ» ។
Sarah ដែលធ្វើការយ៉ាងលំបាក អាចរកប្រាក់ចំណូលបាន ១០០ pesos (២ដុល្លារ) សំរាប់ការងារក្នុង១ថ្ងៃ ។ នាងពុំបានទៅសាលារៀនទេ ហើយពិការភ្នែកតាំងពីកំណើតមកម្លេះ ។
អ្នកខាងម្នាក់ឈ្មោះ Rhea Herra បានឲ្យដឹងថា៖ «Sarah គឺជាកូនទី៣ ក្នុងចំណោមបងប្អូនបង្កើត ៨ នាក់ ។ នាងបានដឹងថា លុយដែលឪពុករបស់នាងរកបាន គឺពុំគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការបងប្អូនរបស់នាងទេ ហេតុដូច្នេះ នាងត្រូវចេញធ្វើការដើម្បីជួយជំនួសដៃជើងគាត់» ៕ ចន្ទី