Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានអង្គការកំពូលរបស់ពិភពលោក មិនទទួលស្គាល់ផែនការវិមានក្រឹមឡាំង បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ជាទឹកដីរុស្ស៊ី

spot_img

បុរីញូវយ៉ក៖ ស្របពេលវិមានក្រឹមឡាំង បានរៀបចំបោះឆ្នោតប្រជាមតិ នៅក្នុងខេត្តចំនួន៤របស់អ៊ុយក្រែន ដែលកាន់កាប់ដោយកម្លាំងទាហានរបស់ក្រុងមូស្គូ ដើម្បីដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ី នោះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) បានថ្លែង ថា ផែនការរបស់មានក្រឹមឡាំង នឹងបង្ហាញ អំពី«ការបង្កើនជម្លោះ ប្រកបដោយគ្រោះថ្នាក់»។

គេហទំព័រព័ត៌មានរបស់អង្គការសហប្រជាជាតិ បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ថា លោក អង់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) ប្រមុខ អង្គការសហប្រជាជាតិ បានព្រមានថា ផែនការរបស់រុស្ស៊ី ដើម្បីដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួន នឹងនាំឲ្យមានគ្រោះកើនឡើង នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ព្រោះវានឹងធ្វើឲ្យអន្ដរាយដល់ការរំពឹងទុក អំពីសន្ដិភាព។

ប្រធានអង្គការសហប្រជាជាតិ បានប្រាប់ក្រុមអ្នកកាសែត នៅទីក្រុងញូវយ៉ក ថា «នៅក្នុងគ្រាប្រកបដោយគ្រោះថ្នាក់នេះ ខ្ញុំត្រូវតែគូសបញ្ជាក់ អំពីកាតព្វកិច្ចរបស់ខ្ញុំ ជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ ត្រូវតែរក្សាធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់ថា រាល់ការបញ្ចូលទឹកដីរបស់រដ្ឋ ដោយរដ្ឋមួយផ្សេងទៀត ដែលកើតចេញ ពីការគំរាមកំហែង ឬ ការប្រើប្រាស់កម្លាំង គឺជាការរំលោភលើគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិ»។

ប្រមុខអង្គការសហប្រជាជាតិ បានថ្លែងបែបនេះ បន្ទាប់ពីវិមានក្រឹមឡាំង បានប្រកាសថា ពិធីមួយនឹងត្រូវធ្វើឡើង នៅក្នុងរដ្ឋធានីមូស្គូ នៅថ្ងៃសុក្រ ដើម្បីចាប់ផ្តើមដំណើរការជាផ្លូវការ សម្រាប់ការបញ្ចូលតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ។

លោកប្រមុខអង្គការសហប្រជាជាតិ បានថ្លែងទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅឯទីស្នាក់ការកណ្ដាលរបស់ អង្គការកំពូលរបស់ពិភពលោកមួយនេះ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ថា «ការសម្រេចចិត្តណាមួយ សម្រាប់ការបន្តដាក់បញ្ចូលតំបន់ដូណែតស្ក៍ (Donetsk), លូហានស្ក៍ (Luhansk), ឃើរសុន (Kherson) និង ហ្សាប៉ូរីសហ្ស៊ា (Zaporizhia) ជាខេត្តរបស់ប្រទេសអ៊ុយក្រែន នឹងមិនមានតម្លៃ តាមផ្លូវច្បាប់នោះទេ ហើយសមនឹងទទួលបាននូវរថ្កោលទោស»។

អស់រយៈពេលជាង៧ខែកន្លងមកនេះ ចាប់តាំងពីមានការលុកលុយ មកលើអ៊ុយក្រែន ជាប្រទេសជិតខាងនោះមក រុស្ស៊ី បានត្រៀមខ្លួនជាស្រេច នៅក្នុងការដាក់បញ្ចូលតំបន់ចំនួន៤របស់ប្រទេសអ៊ុយក្រែន ជាទឹកដីរបស់ខ្លួន តាមរយៈការធ្វើប្រជាមតិ នៅក្នុងតំបន់គ្រប់គ្រង ដោយកម្លាំងទាហានរបស់ក្រុងមូស្គូ។ ចំណែកការបោះឆ្នោតប្រជាមតិ កាលពីសប្តាហ៍មុន បានរងនូវវការរិះគន់យ៉ាងខ្លាំង ពីរដ្ឋាភិបាលក្រុងកៀវ និង សម្ពន្ធមិត្តលោកខាងលិច ដោយពួកគេបានចាត់ទុក ថា សកម្មភាពបែបនេះ ជាទង្វើខុសច្បាប់។

ដោយឡែក លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែង ថា ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នឹងចុះហត្ថលេខាលើសន្ធិសញ្ញាឧបសម្ព័ន្ធនេះ នៅថ្ងៃសុក្រ។

ប្រមុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ ថា «ខ្ញុំចង់គូសបញ្ជាក់ អំពីការធ្វើប្រជាមតិ ត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធយ៉ាងខ្លាំង នៅក្នុងតំបន់ ស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី និង នៅខាងក្រៅក្របខណ្ឌច្បាប់ និង រដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន។ សកម្មភាពទាំងនេះ មិនអាចត្រូវបានគេហៅថា ជាការបញ្ចេញមតិពិតប្រាកដ ប្រកបដោយឆន្ទៈយ៉ាងពេញនិយមនោះឡើយ។ យើងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ចំពោះអធិបតេយ្យភាព ឯកភាព ឯករាជភាព និង បូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន នៅក្នុងព្រំដែន ទទួលស្គាល់ ជាលក្ខណៈអន្តរជាតិរបស់អង្គការសហប្រជាជាតិ»។

រុស្ស៊ី ជាសមាជិកអចិន្ត្រៃយ៍មួយ នៅក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មានកាតព្វកិច្ចរក្សាការពារធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដោយហាមឃាត់រាល់ការគំរាមកំហែង ឬ ការប្រើប្រាស់កម្លាំង និង រំលោភបំពាន លើគោលការណ៍អធិបតេយ្យភាព និង បូរណភាពទឹកដី។

លោក អេនតូនី ប៊ីនខែន (Antony Blinken) រដ្ឋមន្រ្ដី ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់រុស្ស៊ី ពី«ការដណ្ដើមកាន់កាប់ទឹកដី» ហើយគាត់ បានសន្យាម្តងទៀតថា សហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់នូវការបញ្ចូលជាឧបសម្ព័ន្ធ ដោយក្រុងម៉ូស្គូនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×