Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វាំងឡង់ សម្រេចបិទព្រំដែនគោកហាមឃាត់ទេសចររុស្ស៊ីចូលក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែមានករណីលើកលែងខ្លះ

ហ្វាំងឡង់ ៖ អាជ្ញាធរប្រទេសហ្វាំងឡង់ បានឱ្យដឹងថា ខ្លួននឹងបិទព្រំដែនចំពោះអ្នកទេសចររុស្ស៊ី នៅត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលជាការបិទផ្លូវគោកផ្ទាល់ចុងក្រោយចូលទៅកាន់សហភាពអឺរ៉ុប ខណៈដែលជនជាតិរុស្សីរាប់ពាន់នាក់ កំពុងព្យាយាមគេចចេញពីការកេណ្ឌទ័ពសម្រាប់ការប្រយុទ្ធនៅអ៊ុយក្រែន។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា រដ្ឋាភិបាលហ្វាំងឡង់ បាននិយាយថា វិធានការនេះនឹងនាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ នៃចរាចរណ៍ឆ្លងកាត់ព្រំដែន បន្ទាប់ពីជនជាតិរុស្ស៊ីជិត ១៧,០០០នាក់ បានឆ្លងកាត់ព្រំដែនប្រទេសហ្វាំងឡង់ ហើយបន្តចូលទៅក្នុងបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតកាលពីចុងសប្តាហ៍កន្លងទៅ។

រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក ពេកកា ហាវីស្តូ (Pekka Haavisto) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ការឆ្លងព្រំដែនចូលមកក្នុងប្រទេសហ្វាំងឡង់របស់ពលរដ្ឋរុស្ស៊ី បើសម្រាប់គោលបំណងទេសចរណ៍ គឺមិនជាបញ្ហានោះទេ ប៉ុន្តែបើគេឆ្លងចូលយ៉ាងកំហុកមើលទៅឃើញថា មិនប្រក្រតីបែបនេះ អាចបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងអន្តរជាតិរបស់ហ្វាំងឡង់។

លោក ពេកកា ហាវីស្តូ (Pekka Haavisto) ពន្យល់ថា ការសម្រេចចិត្តហាមឃាត់នេះ បានធ្វើឡើងដោយមានការពិភាក្សាជាមួយអ៊ុយក្រែន និងប្រទេសជិតខាង។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ការចូលប្រទេសសម្រាប់ការសួរសុខទុក្ខគ្រួសារ ក៏ដូចជាសម្រាប់ការងារ និងការសិក្សាផ្សេងៗ នឹងនៅតែត្រូវបានអនុញ្ញាត។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលហ្វាំងឡង់នេះ គឺបានចូលរួមជាមួយប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី ដែលបានរារាំងភ្ញៀវទេសចររុស្ស៊ីរួចស្រេចហើយ។ សហភាពអឺរ៉ុបបានហាមឃាត់រាល់ជើងហោះហើរពីប្រទេសរុស្ស៊ី ដោយបន្សល់ទុកតែបណ្តាញដឹកជញ្ជូនផ្លូវដែក និងផ្លូវថ្នល់ប៉ុណ្ណោះ។

សូមរំលឹកផងដែរថា សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលអូនបន្លាយពេលជាង ៧ខែមកនេះ ធ្វើឱ្យប្រទេសទាំងពីរជ្រើសរើសទាហានដូចគ្នា, ចំណែករុស្ស៊ីបានបញ្ជាក់រួចហើយថា ប្រទេសរបស់ខ្លួនជ្រើសរើសទាហានសំដៅតែទៅលើទាហានបម្រុង ទាហានដែលមានឈ្មោះធ្លាប់ហ្វឹកហាត់ក្នុងក្របខណ្ឌយោធាតែប៉ុណ្ណោះ រីឯនិស្សិតជាប់កាតព្វកិច្ច ឬប្រជាពលរដ្ឋធម្មតា មិនប៉ះពាល់ និងមិនតម្រូវឲ្យចូលទៅប្រឡូកក្នុងសង្គ្រាមអ៊ុយក្រែននោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×