Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន គ.ជ.ប ៖ ចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១បានចំនួន៤.៥៨០.៦០៣នាក់

spot_img

ភ្នំពេញៈ ចំពោះការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៤.៥៨០.៦០៣នាក់ ស្មើនឹង ៤៩.៧៦ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ ការងារចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបានបញ្ជាក់ទៀតថា លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការលើកនេះ គ.ជ.ប បោះពុម្ពមានភ្ជាប់រូបថតសាមីខ្លួន ដែលធ្វើឱ្យមានភាពងាយស្រួលដល់ការចែកជូនប្រជាពលរដ្ឋ។

ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម នុត សុខុម បានបន្តថា មុនបើកដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ គ.ជ.ប ត្រូវផ្សព្វផ្សាយជាសាធារណៈនូវចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ចំនួនស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងដោយមានកិច្ចខិតខំប្រឹងប្រែងពីមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងប្រទេស គ.ជ.ប ទទួលបានលទ្ធផលល្អក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ៖

  • ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ១០.៨៧៧.០១៧នាក់ ក្នុងនោះស្រីមានចំនួន ៥.៥៦៨.៣៩៨នាក់
  • ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ មានចំនួន៩.២០៥.៦៨១នាក់
  • ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២ មានចំនួន ៤០៩.០៥៦នាក់
  • ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ១០៤.៩៥៦នាក់
  • ចំនួនការិយាល័យបោះឆ្នោត ឆ្នាំ២០២២ ប៉ាន់ស្មានមានចំនួន ២៣.៧៦០ការិយាល័យ។

គួរបញ្ជាក់ថា ផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតលិខិតអញ្ជើញជាង ៩លាន ២សែនសន្លឹក ដើម្បីចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ ការចែកនេះ បានចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស បានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ ការចែកលិខិតអញ្ជើញនេះមានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ហើយប្រសិនបើមានលិខិតអញ្ជើញនៅសល់ ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីផ្ដល់បន្ត រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) កន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាម អ.ខ ដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ។
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ហើយដែលបានប្រើ អ.ខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាម អ.ខ ដែលមានសុពលភាព អាចស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

គួរបញ្ជាក់ថា បើទោះបីជាអ្នកបោះឆ្នោតមិនបានទទួលលិខិតអញ្ជើញដោយមូលហេតុណាមួយ ឬអ្នកបោះឆ្នោតដែលទទួលបានលិខិតអញ្ជើញហើយ ប៉ុន្តែខកខានមិនបានមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមការអញ្ជើញ ក៏ឈ្មោះរបស់ពួកគាត់ នៅរក្សាដដែលក្នុងបញ្ជីបោះឆ្នោត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×