Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ ពាក់ព័ន្ធការអភិវឌ្ឍ នៅតំបន់រុនតាឯក ខេត្តសៀមរាប

spot_img

សៀមរាប ៖ នៅព្រឹក ថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដី ជូនពលរដ្ឋជាថ្នូរការរុះរើសំណង់នោះ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រុមផ្សេងទៀត ដែលបានស្ម័គ្រចិត្តរុសរើសសំណង់នៅតំបន់រមណីយដ្ឋានអង្គរមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ បន្ទាប់ពីបានជួបសំណេះសំណាលកាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ ប្រមាណជាង១ពាន់នាក់។

សម្ដេចតេជោបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាថែរក្សាកេរ្ត៍មរតកដូនតា នៃប្រាងប្រាសាទអង្គរវត្ត។ សម្តេចតេជោបានមានប្រសាសន៍ថា ដូនតាខ្មែរបានសាងសង់ប្រាសាទបុរាណច្រើនណាស់ នៅលើទឹកដីអង្គរយើង ដូច្នេះយើងត្រូវរួមគ្នាថែរក្សាមរតកទាំងនេះ ឲ្យបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្នុងក្រុងសៀមរាបក៏ទទួលបានគោលនយោបាយដូចគ្នានឹងពលរដ្ឋរើចេញពីតំបន់អង្គរដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអាជ្ញាធរអប្សរាធ្វើការនេះឱ្យម៉ត់ចត់ និងច្បាស់លាស់បំផុតចំពោះការគ្រប់គ្រងដីតំបន់អភិរក្សនៅរមនីយដ្ឋានអង្គរនេះ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ តែម្តងពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រុនតាឯកខេត្តសៀមរាបនេះ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា យោធភូមិភាគទី៤ និងកងពលធំទី២ ជាអ្នកដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋពេលរើលំនៅឋានមកកាន់តំបន់នេះ។ នៅថ្ងៃនេះ សម្តេចតេជោក៏បានណែនាំមិនឱ្យមានការលុបស្រះបុរាណនៅតំបន់រុនតាឯកនោះឡើយ ផ្ទុយទៅវិញត្រូវតែត្រូវជីកបន្ថែម ហើយយកដីចាក់នៅភូមិឋានរបស់ប្រជាពលរដ្ឋតែម្តង។

សម្រាប់ការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំ ត្រីខមួយកេសធំ មាន ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។ សម្តេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ពលរដ្ឋ ១,៧១១គ្រួសារមុន ទទួលបន្ថែមនូវឃីតមួយ និងតង់១ ផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោសម្រេចប្រគល់បណ្ណក្រីក្រប្រភេទ១ ជូនដល់គ្រប់ពលរដ្ឋដែលមករស់នៅភូមិរុនតាឯកទាំងអស់គ្រប់គ្រួសារតែម្តង។
សម្តេចតេជោ បានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា មិនសន្យាចោលទេ តែបច្ចុប្បន្នរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន កំពុងតែអនុវត្តន៍តែម្តងនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋជិត ៣លាននាក់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ និងសន្យាថា សម្តេចនឹងអញ្ជើញមកកាន់ តំបន់អភិវឌ្ឍន៍រុនតាឯកនេះជាច្រើនដងបន្ថែមទៀត នៅពេលខាងមុខ ដើម្បីបានមកមើល និងដឹងពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមករស់នៅតំបន់អភិវឌ្ឍន៍ថ្មីនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×