ឥណ្ឌូនេស៊ី ៖ មនុស្សយ៉ាងហោចណាស់ ១២៩នាក់បានស្លា.ប់ និងប្រហែល ១៨០នាក់ បានរងរបួស ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយនៅប្រទេសឥណ្ឌូនេស៊ី ផ្ដើមចេញពីអ្នកគាំទ្រក្រុមដែលចាញ់ការប្រកួត បានលុកលុយចូលទីលាន បណ្ដាលឲ្យប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបង្កើតទៅជាចលាចលរត់ជាន់គ្នា។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កោលាហលក្នុងការប្រកួតបាល់ទាត់មួយក្នុងប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឲ្យហ្វូងមនុស្សរត់ជាន់គ្នានេះ គឺហាក់ដូចជាគ្រោះមហន្តរាយមួយកើតមានឡើងនៅក្នុងកីឡដ្ឋានដ៏អាក្រក់បំផុតមួយផងដែរ។
មេប៉ូលិសនៃខេត្តចាវ៉ាខាងកើត (East Java) បានឱ្យដឹងថា នៅពេលការប្រកួតបាល់ទាត់មួយ នៅខេត្តចាវ៉ាខាងកើត បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ អ្នកគាំទ្រក្រុមដែលប្រកួតចាញ់ បានលុកលុយចូលទីលាន ដោយពួកគេយល់ថា មិនយុត្តិធម៌រឿងអ្វីមួយ… ក៏បណ្ដាលទៅជាកើតមានភាពអនាធិបតេយ្យ ជាហេតុនាំប៉ូលិសបា.ញ់ឧស្ម័នបង្ហូរទឹកភ្នែក បង្កទៅជាការរត់ជាន់គ្នា និងកើតមានការថប់ដង្ហើម ទើបបណ្ដាលឱ្យស្លា.ប់ និងរងរបួសបែបនេះ។
ទាក់ទងនឹងករណីនេះ លោក ហ្សៃណូឌីន អាម៉ាលី (Zainudin Amali) រដ្ឋមន្ត្រីកីឡារបស់ប្រទេសឥណ្ឌូណេស៊ី បានប្រាប់ទូរទស្សន៍ KompasTV ថា ក្រសួងនឹងវាយតម្លៃឡើងវិញ នូវសុវត្ថិភាពក្នុងការប្រកួតបាល់ទាត់ រួមទាំងការពិចារណាមិនអនុញ្ញាតឱ្យមាន អ្នកទស្សនានៅក្នុងកីឡដ្ឋានផងដែរ ករណីពួកគេមិនគោរពសីលធម៌ និងសណ្ដាប់ធ្នាប់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









