Monday, September 25, 2023

ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រកាសផ្អាកការប្រកួតបាល់ទាត់ទាំងអស់ក្នុងស្រុក រង់ចាំការរៀបចំប្រព័ន្ធសន្តិសុខ ខណៈអ្នកស្លាប់កើនឡើង

spot_img

ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីឥណ្ឌូនេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានចេញបញ្ជាឱ្យផ្អាករាល់ការប្រកួតទាំងអស់ នៃលីគបាល់ទាត់ក្នុងស្រុកជាបណ្តោះអាសន្ន រង់ចាំការត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញលើផ្នែកសុវត្ថិភាព នៃការប្រកួតកីឡាបាល់ទាត់នៅក្នុង ប្រទេសរបស់លោក បន្ទាប់ពីមនុស្សដែលស្លាប់ក្នុងការរត់ជាន់គ្នានៅលើទីលានបានកើនឡើងដល់ ១៧៤នាក់ និងអ្នករងរបួសជិត ២០០នាក់ បង្កឡើងដោយសារតែការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រក្រុមប្រកួតចាញ់ និងប៉ូលិសកាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ បង្ហាញថា លោក វីដូដូ បានប្រកាសតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកថា រដ្ឋមន្រ្តីយុវជន និងកីឡា រួមជាមួយអគ្គស្នងការប៉ូលិសជាតិ ហើយនិង ប្រធានសមាគមបាល់ទាត់ នៃប្រទេសឥណ្ឌូណេស៉ី ត្រូវធ្វើការរួមគ្នាបើកការត្រួតពិនិត្យ និងវាយតម្លៃឡើងវិញ ទៅលើការប្រកួត ក៏ដូចជានីតិវិធីរក្សាសន្តិសុខ ហើយចាប់ពីពេលនេះទៅ គម្រោងរៀបចំការប្រកូតទាំងអស់ នៃលីគបាល់ទាត់ក្នុងស្រុក ត្រូវផ្អាកជាបណ្តោះអាសន្ន។

អភិបាលខេត្តចាវ៉ា ខាងកើត (East Java) បានឱ្យដឹងថា រដ្ឋាភិបាល បានឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះចំនួន ១០លានរូពី (ស្មើនឹង ៩៨០ដុល្លារអាមេរិក) ក្នុងមួយគ្រួសារ ជាការចូលរួមរំលែកទុក្ខក្នុងសោកនាដកម្មមិននឹកស្មានដល់មួយនេះ។

បើតាម រដ្ឋមន្រ្តីសន្តិសុខឥណ្ឌូណេស៉ី បានឱ្យដឹងថា កីឡដ្ឋានដែលកើតកោលាហលនេះ ត្រូវបានរកឃើញថា មានអ្នកចូលទស្សនាច្រើនលើសសមត្ថភាពដែលត្រូវផ្ទុក គឺលក់សំបុត្រដល់ទៅខ្ទង់ ៤២,០០០សន្លឹក ខណៈចំនួនកំណត់សម្រាប់កីឡដ្ឋាននេះ អាចផ្ទុកបានត្រឹមតែ ៣៨,០០០នាក់ ប៉ុណ្ណោះ។ ក្រៅពីអ្នកបាត់បង់ជីវិត មនុស្សប្រហែល ២០០នាក់ទៀត ក៏បានទទួលរងរបួស ក្នុងហេតុការណ៍ខាងលើនេះផងដែរ។

គួរបញ្ជាក់ថា ជំហានដំបូង ត្រូវគេរកឃើញថា មនុស្សយ៉ាងហោចណាស់ ១២៩នាក់បានស្លាប់ និងប្រហែល ១៨០នាក់ បានរងរបួស ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយនៅប្រទេសឥណ្ឌូនេស៊ី ផ្ដើមចេញពីអ្នកគាំទ្រក្រុមដែលចាញ់ការប្រកួត បានលុកលុយចូលទីលាន បណ្ដាលឲ្យប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបង្កើតទៅជាចលាចលរត់ជាន់គ្នា។

ការប្រកួតបាល់ទាត់នេះ ធ្វើឡើងនៅខេត្តចាវ៉ាខាងកើត បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ អ្នកគាំទ្រក្រុមដែលប្រកួតចាញ់ បានលុកលុយចូលទីលាន ដោយពួកគេយល់ថា មិនយុត្តិធម៌រឿងអ្វីមួយ… ក៏បណ្ដាលទៅជាកើតមានភាពអនាធិបតេយ្យ ជាហេតុនាំប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បង្កទៅជាការរត់ជាន់គ្នា និងកើតមានការថប់ដង្ហើម ទើបបណ្ដាលឱ្យស្លាប់ និងរងរបួសបែបនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

+85571 614 000 5
Contact Us Telephone

spot_img