នៅថ្ងៃទី ៣ ខែមិថុនា សមាគមការពាររដ្ឋធម្មនុញ្ញថៃ បានចេញសេចក្តីថ្លែងការណ៍ឲ្យប្រមុខការទូត Don Pramudwinai “ធ្វើរឿងដែលត្រឹមត្រូវ” ហើយលាលែងពីតំណែងមុនពេលដែលតុលាការធម្មនុញ្ញចេញសាលក្រមសម្រេចជុំវិញរឿងអាស្រូវពីការផ្តល់ចម្លើយចំពោះទ្រព្យសម្បត្តិរបស់ភរិយាលោក ។
ប្រមុខការទូតថៃ លោក Don Pramudwinai
សម្ពាធនេះកាន់តែកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃចំពោះប្រមុខការទូតរូបនេះ បន្ទាប់ពីមានព័ត៌មាននៅថ្ងៃទី ៣១ ខែឧសភាថា គណៈកម្មាធិការបោះឆ្នោត (EC) របស់ថៃបានរកឃើញថា លោក Don Pramudwinai បានបំពានប្រការច្បាប់ហាមឃាត់មន្ត្រីថ្នាក់រដ្ឋមន្ត្រី និងភរិយា ឬស្វាមី ធ្វើជាម្ចាស់កម្មសិទ្ធិលើភាគហ៊ុនក្នុងបណ្តាក្រុមហ៊ុនជំនួញ ។
អគ្គលេខាសមាគមការពាររដ្ឋធម្មនុញ្ញរបស់ថៃ លោក Srisuwan Janya ថ្លែងថា ៖ “ប្រការបែបនេះ ធ្លាប់បានកើតឡើងចំពោះបណ្តារដ្ឋមន្ត្រីនិងឥស្សរៈជននយោបាយ ហើយមហាជនទាមទារពួកគេត្រូវតែលាលែងពីមុខតំណែងដើម្បីបញ្ចៀសទំនាស់ផលប្រយោជន៍ ក៏ដូចជាដើម្បីការពាររូបភាពនៃរបបនយោបាយថៃ” ។
មេដឹកនាំម្នាក់របស់គណបក្សថៃ Chart Thai Pattana លោក Somsak Prisananantakul ក៏បាននិយាយថា គួរគប្បីផ្អាកការងារចំពោះប្រមុខការទូតរូបនេះ ដើម្បីទុកឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ “អាចអនុវត្តការកែទម្រង់ជាតិ” ។
មុននោះមានព័ត៌មានថា (EC) បានបោះឆ្នោតអនុម័តចំពោះលោក Don Pramudwinai ថា “ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់” ហើយបានបញ្ជូនទៅកាន់តុលាការធម្មនុញ្ញពិនិត្យ ៕ សូយន