ភ្នំពេញ ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានប្រាប់ប្រជាពលរដ្ឋក្នុងបុរីសន្តិភាព២ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យថាគណបក្សប្រជាជនកម្ពុជាជាគណបក្សសន្យាធ្វើមិនមែនសន្យាខ្យល់ទេសូមជឿទុកចិត្តចុះ។
លោក ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៨នេះក្នុងពេលលោករួមជាមួយអាជ្ញាធរដែនដី និងក្រុមការងារមួយចំនួនទៀត បានអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខនិងស្តាប់សំណូមពរប្រជាពលរដ្ឋក្នុងបុរីសន្តិភាព២ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យដើម្បីផ្សារភ្ជាប់ទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយប្រជាពលរដ្ឋ ។
លោកហែម ដារិទ្ធិ អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិសែនជ័យបានឱ្យដឹងដែរថា៖ការដែលលោកឃួង ស្រេងចុះផ្ទាល់នៅសហគមន៏បុរីសន្តិភាព២នឹងបានពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូននៅសហគមនេះដែលកំពុងមានការរីកចំរើនគួ ឱ្យកត់សំគាល់ទាំងសំណង់លំនៅដ្ឋាន,ហេដ្ឋារចនាសម្ពន្ធ័ក៏ដូចជាការរីកចំ រើនលើផ្នែកជីវភាពរស់នៅរបស់បងប្អូនផងដែរ។
ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋសហគមន៍បុរីសន្តិភាព២នៅសង្កាត់ចោមចៅទី២លោកឃួងស្រេង បានជំរាបទៅបងប្អូនប្រជាពលរដ្ឋដែលមកស្វាគមន៍លោកដោយភាពជឿជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសន្យាធ្វើ មិនមែនសន្យាខ្យល់នោះទេ។ជាក់ស្តែងយើងបានកសាងសមិទ្ធផលជាច្រើនបំពេញតាមតំរូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅទីនេះដែលពីមុនតំបន់នេះគ្មានអ្វីទាំងអស់។រហូតមកដល់ឥឡូវបងប្អូនមានផ្ទះសំបែងរស់នៅសមរម្យ មានទីផ្សារ មានប្រព័ន្ធទឹក ភ្លើងរដ្ឋប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខភាពជាដើម។ លោកអនុប្រធានបានជំរុញឲ្យមន្ត្រីជំនាញខិតខំធ្វើយ៉ាងណាបង្កើតប៉ុស្តិសុខភាពមួយឲ្យបាននៅទីនេះដោយឲ្យសហគមផ្តល់ផ្ទះ២ល្វែងសំរាប់បង្កើតប៉ុស្តិសុខភាពនេះនៅចំកណ្តាលសហគមដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋយើងមកទទួលសេវាសុខភាព។លោកក៏បានណែនាំឲ្យមានការចាក់សាប និងដាក់ប្រព័ន្ធលូនៅចំណុចចំណតរថយន្តក្រុងឲ្យបានល្អប្រសើរផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចអាជ្ញាធរដែនដីនឹង បន្តរៀបចំកែលំអរផ្លូវបេតុង និងដាក់ប្រព័ន្ធលូក្នុងសហគមន៍បន្តទៀតនៅក្រោយការបោះឆ្នោត និងក្រោយពីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ដែលនេះគឺជាការសន្យាធ្វើមិនមែនសន្យាខ្យល់នោះទេ។
សហគមសន្តិភាព២ មានការអភិវឌ្ឍន៏មិនចាញ់សហគមដទៃទៀតក្នុងរាជធានីភ្នំពេញនោះឡើយក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ,ការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញដែលតែងតែចុះជាប់ដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូន ជាពិសេសទទួលបានការណែនាំ និងការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលតែងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋជាប់ជានិច្ច។
ឆ្លៀតក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ខាងមុខដើម្បីផ្តល់ឧិកាសជូនសម្តេចតេជោបន្តដឹកនាំរាជរដ្ឋាភិបាលឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្តទៀត។
គួរបញ្ជាក់ដែរថា៖សហគមសន្តិភាព២ មានសហគមប្រជាពលរដ្ឋចំនួន៨សហគមស្មើនឹង២៥៥០គ្រួសារដែលភាគច្រើនបងប្អូនប្រកបរបរលក់ដូរ,សេវាកម្ម និងកម្មកររោងចក្រ។បងប្អូនទាំងជាង២ពាន់គ្រួសារនេះភាគច្រើនត្រូវផ្លាស់ប្តូរទីលំនៅបែបមិនរៀបរយចេញពីសហគមដីក្រហម,សហគមបឹងកក់ និង១ផ្នែកទៀតមកពីប្រភពផ្សេងៗតាំងពីឆ្នាំ២០០៦,២០០៩ និងឆ្នាំ២០១០៕ ដោយ ៖ កូឡាប