ឧត្តរមានជ័យ ៖ ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ លោកស្រី ហ៊ុន ម៉ាណា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និង ប្រជាពលរដ្ឋ សរុបចំនួន ១២២៦នាក់ ដោយឥតគិតថ្លៃ។
ការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនកងទ័ព គ្រួសារកងទ័ព និង ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ បានប្រព្រឹត្តទៅ១ដែលមានទីតាំងស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ។
លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បាន មានប្រសាសន៍ថា នៅតំបន់ដាច់ស្រយាលនេះ កាលពីផ្លូវនៅលំបាកធ្វើដំណើរពីភ្នំពេញមកដល់តំបន់នេះប្រើរយ:ពេល ១ថ្ងៃ ទៅ ២ថ្ងៃឯណ្ណោះ ទើបមកដល់គោលដៅ។ ប៉ុន្តែនៅសម័យសន្តិភាព ដែលមានការអភិវឌ្ឍន៍គ្រប់វិស័យ ដូចជាការអភិវឌ្ឍន៍ផ្លូវថ្នល់ ធ្វើឱ្យការធ្វើដំណើរមកតំបន់នេះប្រើរយ:ពេលតែជាង ៥ម៉ោងតែប៉ុណ្ណោះ។
មុនការពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងថ្ងៃត្រង់មាន នំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ រួមមាន ៖ វះកាត់តូចចំនួន ៥៨នាក់ ពិនិត្យ និងព្យាបាលមាត់-ធ្មេញចំនួន ១១៩នាក់ ពិនិត្យរោគស្ត្រីចំនួន ១២២នាក់ ពិនិត្យ និងព្យាបាលជំងឺទូទៅចំនួន ៨៥៥នាក់ សម្ភព និងអេកូសាស្ត្រ ចំនួន ៧២នាក់ អប់រំសុខភាពដល់ប្រជាពលរដ្ឋដែលទទួលសេវាព្យាបាល ចែកជូនវែនតាសម្រាប់លោកតា លោកយាយ ចំនួន ៥០០នាក់ ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់ និងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ២០គ្រឿង។
សូមបញ្ជាក់ថា : ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ តែងតែធ្វើសកម្មភាពចុះពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព នៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាល ជាច្រើនគោលដៅកន្លងរួចមកហើយ។
បងប្អូនប្រជាពលរដ្ឋ រួមនឹងកងទ័ព និងគ្រួសារកងទ័ព ដែលបានមកទទួលការពិនិត្យ និងព្យាលជំងឺ នាពេលនោះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ជាពិសេសពួកគាត់ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង៕ ដោយ៖បញ្ញាស័ក្តិ