Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ័យជម្នះនៅទីក្រុងលីម៉ាន កំពុងជំរុញឲ្យកងទ័ពអ៊ុយក្រែនមានកម្លាំងចិត្ត រំដោះទឹកដីរបស់ខ្លួនបន្ថែមទៀត

spot_img

រដ្ឋធានីកៀវ៖ ក្រោយទទួលបានជ័យជម្នះ នៅទីក្រុងលីម៉ាន (Lyman) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) ដែលក្រុងមូស្គូ បានដាក់បញ្ចូល ជាផ្នែកមួយ នៃទឹកដីរបស់រុស្ស៊ី កាលពីចុងសប្ដាហ៍មុន កំពុងតែលើកទឹកចិត្តយ៉ាងខ្លាំង ដល់កងទ័ពអ៊ុយក្រែន បន្ដទៅរំដោះទឹកដីរបស់ពួកគេ នៅតំបន់លូហានស្ក៍ (Luhansk) ដែលនៅជិតគ្នានោះបន្ថែមទៀត។

សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៣ ខែតុលា ថា អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានប្រកាសពីការគ្រប់គ្រងមជ្ឈមណ្ឌលដឹកជញ្ជូនភាគខាងកើត ទីក្រុងលីម៉ាន (Lyman) ទាំងស្រុង។ កងទ័ពអ៊ុយក្រេន បានទទួលជ័យជម្នះ នៅលើសមរភូមិដ៏សំខាន់បំផុត ក្រោយការំដោះទឹកដីពីកម្លាំងរុស្ស៊ី ដោយបានផ្តល់នូវទីតាំងដ៏មានសក្តានុពល សម្រាប់ការវាយប្រហារបន្ថែមទៀត នៅភាគខាងកើត ខណៈពួកគេកំពុងតែដាក់សម្ពាធបន្ថែមទៀត ទៅលើវិមានក្រឹមឡាំង។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានប្រកាស កាលពីថ្ងៃអាទិត្យ ថា ជោគជ័យរបស់ទាហានក្រុងកៀវ មិនត្រូវបានកំណត់ ត្រឹមតែការដណ្តើមកាន់កាប់ទីក្រុង Lyman ត្រឡប់មកវិញប៉ុណ្ណោះទេ។ អ៊ុយក្រែន នឹងបន្ដរំដោះទឹកដីរបស់ខ្លួន ដែលបានបាត់បង់ យកត្រឡប់មកគ្រប់គ្រងវិញ។

បើតាមមជ្ឈមណ្ឌលយុទ្ធសាស្រ្ដការពារជាតិរបស់អ៊ុយក្រែន Think-Tank បានឲ្យដឹង ថា កងទ័ពរបស់ក្រុងកៀវ បានរំដោះទីក្រុងលីម៉ាន ត្រឹមតែប៉ុន្មានម៉ោង ក្រោយពេលប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានប្រកាស កាត់យកតំបន់ចំនួន៤របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់រុស្ស៊ី។ ជ័យជម្នះ នៅលើសមរភូមិប្រយុទ្ធដ៏សាហាវនេះ នឹងជួយដល់កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន មានសន្ទុះវាយរុលចូលជ្រៅទៅមុខ ដើម្បីរំដោះទឹកដីរបស់ពួកគេ ចេញពីក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី និង កាត់ផ្តាច់ផ្លូវផ្គត់ផ្គង់គ្រឿងសឹក និង ភស្ដុភារបន្ថែមទៀត។

លោកវរសេនីយ៍ឯក វិកទ័រ ខែវលីយូក (Viktor Kevlyuk) មកពីមជ្ឈមណ្ឌល Think-Tank បានបញ្ជាក់ ថា «តាមរយៈជ័យជម្នះ នៅក្នុងប្រតិបត្ដិការសឹក នៅទីក្រុង Lyman នេះ យើងកំពុងតែបោះជំហានឆ្ពោះទៅកាន់កាប់ លើផ្លូវភាគខាងជើង ឆ្ពោះទៅកាន់ភាគខាងត្បូង ជាលើកទីពីរ… ហើយនេះមានន័យថា ខ្សែសង្វាក់ផ្គត់ផ្គង់ទី២នេះ នឹងត្រូវកាត់ផ្ដាច់ដល់ការដឹកជញ្ជូនសម្ភារយោធា និង ភស្ដុភារបស់រុស្ស៊ី»។

ជាមួយគ្នានេះដែរ លោក ស៊ើរហ៊ីយ ហាយដាយ (Serhiy Haidai) ប្រធានតំបន់លូហានស្ក៍ (Luhansk) បានបញ្ជាក់ ថា ការរំដោះបានទីក្រុងលីម៉ាន ជាកត្តាដ៏សំខាន់មួយ សម្រាប់ការវាយដណ្ដើមយកទឹកដី ដែលបាត់បង់ នៅក្នុងតំបន់ Luhansk ត្រឡប់មកវិញ។

លោកប្រធានតំបន់លូហានស្ក៍ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ការរំដោះទីក្រុងលីម៉ាន ស្ថិតក្នុងតំបន់ដូណែតស្ក៍ នេះ ក៏ជាកត្ដាដ៏សំខាន់មួយ សម្រាប់ការបញ្ឈប់នូវការកាន់កាប់បន្ថែមទៀត នៅតំបន់ Luhansk»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×