បន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានឃាត់រថយន្ត២គ្រឿងដឹកគ្រឿងក្នុងជ្រូក
មានបេះដូង អណ្តាត ក្រពះ គ្រលៀន ជើង ត្រចៀក ពោះវៀន ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ២៤កេស ស្មើនឹង១០៨៥គីឡូក្រាម នៅវេលាម៉ោង៣និង៤០នាទីឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយដុតកម្ចេចចោលនៅទីលានចាក់សំរាមក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានឲ្យដឹងថាម្ចាស់រថយន្តដែលជាអ្នកបើកបរមានទី១.ឈ្មោះ យួរ រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិដូង ឃុំ/ស្រុកម៉ាឡៃ ជាម្ចាស់រថយន្តធុនតូយូតាស៊ីណា ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3407 ដឹកគ្រឿងក្នុងជ្រូក២០កេស ទី២.ឈ្មោះ សៀម ណេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកញ្ចាង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ម្ចាស់រថយន្តតូយោតាហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AI.2801ដែលដឹកគ្រឿងក្នុងជ្រូក៤កេស។
លោកស្នងការរងបន្តថាដោយមានការណែនាំពីអគ្គស្នងការនគបាលជាតិនិងមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីទប់ស្កាត់ទំនិញគេចពន្ធនិងខូចគុណភាពលួចដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកវរសេនីយ៍ទោ រស់ អៀម នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងលោកវរសេនីយ៍ត្រី ម៉ៃ បូរ៉ាន់ នាយផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាន ស្រាវជ្រាវឃាត់រថយន្ត២គ្រឿងនិងម្ចាស់រថយន្ត២នាក់។
គ្រឿងក្នុងជ្រូកដែលឈ្មួញលួចនាំចូលពីថៃមាន២៤កេសទំងន់ស្មើ១.០៨៥គីឡូក្រាមរួមមានៈ បេះដូងជ្រូក១៥០គីឡូក្រាម, អណ្តាតជ្រូក១៩៧គីឡូក្រាម ក្រពះជ្រូក១៣០គីឡូក្រាម ក្រលៀនជ្រូក៥០គីឡូក្រាម ជើងជ្រូក១១៨គីឡូក្រាម ត្រចៀកជ្រូក២៨០គីឡូក្រាម ពោះវៀនជ្រូក១៦០គីឡូក្រាម។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា តាមចម្លើយម្ចាស់រថយន្តជាអ្នកបើកបរគឺឈ្មួញលួចនាំចូលពីប្រទេសថៃមានបំណងនាំទៅភ្នំពេញ។ ដោយស៊ីឈ្នួលដឹកឲ្យឈ្មួញពីក្រុងប៉ោយប៉ែតទៅភ្នំពេញឈ្នួលដឹក១កេសតម្លៃ២៥.០០០រៀល។
លោកស្នងការបន្តថាបច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនឈ្មួញដែលនាំចូលគ្រឿងក្នុងសត្វជ្រូកនាំចូលពីប្រទសថៃចូលមកកម្ពុជាដើម្បីចាត់ការតាមច្បាប់។ ចំណែកម្ចាស់រថយន្តជាបើកបរស៊ីឈ្នួលដឹកគ្រឿងក្នុងសត្វជ្រូកល្មើសច្បាប់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរង ទទួលផែនប្រឆាំងបទល្មើស បានបញ្ជាក់ឲ្យដឹងថា៖ ឆ្លងតាមការសាកសួរចម្លើយ ពីអ្នកបើកបររថយន្តទាំង២នាក់ គេបានសារភាពថាការដឹកជញ្ជូនចំណីអាហារគ្រឿងក្នុងជ្រូកនេះ គឺអស់រយៈពេលជាង២ឆ្នាំមកហើយក្នុង១ខែ គឺគេដឹកបាន១ជើងទៅ២ជើង ដោយដឹកចេញពីក្នុងបូរី១ ដែលគេមិនស្គាល់ឈ្មោះ នៅជិតហាងអង្គរជាយដែន ក្រុងប៉ោយប៉ែតត ឆ្ពោះទៅក្រុងភ្នំពេញ យកទៅឲ្យឈ្មោះអៀម និងឈ្មោះទូ នៅម្តុំបឹងកក់ រាជធានីភ្នំពេញ។
លោកស្នងការរង បានបញ្ជាក់ទៀតថា៖ គ្រឿងក្នុងជ្រូកទាំងអស់នេះ បានធ្វើការត្រួតពិនិត្យដោយ មានការចូលរួមពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរួចមក ត្រូវបានកម្លាំងជំនាញ យកទៅធ្វើការដុតកំទេចចោល នៅវេលាម៉ោង១០ព្រឹកថ្ងៃដដែលនេះផងដែរ៕ ដោយ៖បញ្ញាស័ក្តិ