សៀមរាប ៖ ជនសង្ស័យ៣នាក់ដែលប្រើប្រាស់ជួញដូរសារធាតុញៀន នៅថ្ងៃទី៣ ខែមិថុនា ត្រូវសមត្ថកិច្ច បញ្ជូនខ្លួន ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តនីតិវិធីច្បាប់។ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះបង្ក្រាបបទជួញដូរ និងចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២នៅលំនៅដ្ឋានស្ថិត នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដោយឃាត់ខ្លួនជន សង្ស័យចំនួន ៣នាក់។
ជនសង្ស័យ ១:ឈ្មោះ រាំង រដ្ឋា ភេទប្រុស ឆ្នាំកំណើត១៩៨៤ មុខរបរជាងដែកទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជាអ្នកជួញដូរនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន ។ ហើយឈ្មើ រាំង រដ្ឋា នេះមានដីកាលេខ១០១/២០១៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ចេញដោយលោក គី ឬទ្ធី ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប ចាប់ខ្លួនផងដែរ ពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ២:ឈ្មោះ សាំង វិសាល ភេទប្រុស ឆ្នាំកំណើត១៩៩៤ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ជាអ្នកចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។ ៣: ឈ្មោះ ផុន រតនា ភេទប្រុស ឆ្នាំកំណើត១៩៨៥ មុខរបរគ្មាន ទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ជាអ្នកចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន ។
វត្ថុតាងដកហូតមានឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន៣គ្រឿង។ កម្លាំងសមត្ថកិច្ចបានបញ្ចូនខ្លួនទៅសាលាដំបូងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖បញ្ញាស័ក្តិ