ភ្នំពេញ ៖ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញដីកាឃុំខ្លួនបុរសជនជាតិវៀតណាម ដែលរំលោភសម្លាប់កុមារីអាយុ៤ឆ្នាំ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជុំនុំជម្រះតាមនីតិវិធី។
ជនដៃដល់ ឈ្មោះ ង្វៀង យ៉ាំងយី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរពីមុនលក់ដំឡូងជៀន ជាអ្នកប្រើប្រាស់គ្រឿងញៀន ស្នាក់នៅក្រុម៥ ភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។ បើតាមមាត្រា២០៥ ចែងថា ឃាតកម្មដែលកើត ក្នុងពេលឬក្រោយ ពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។
គួររំលឹកថា ករណីខាងលើនេះ បានកើតឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជួរមាត់ទន្លេ ក្នុងភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ជនជាតិវៀតណាមរូបនេះ ដោយសារឥទ្ធិពល នៃគ្រឿងញៀន បានចាប់ក្មេងស្រីអនីតិជន ជាជនជាតិវៀតណាមដូចគ្នា មានវ័យទើបតែ៤ឆ្នាំ ដើម្បីបង្ខាំង បង្ខំរំលោភ រួចមួលកបំបាក់សម្លាប់ចោល ហើយយកសាកសពទៅញាត់ចូលក្នុងកូនពាងទឹក យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដើម្បីបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ត្រូវជាប់ខ្នោះនគរបាល ខណៈពេលកំពុងព្យាយាមរត់គេចខ្លួន៕ ដោយ៖បញ្ញាស័ក្តិ