រដ្ឋាភិបាលសិង្ហបុរី សុខចិត្តត្រៀមទុកថវិការសម្រាប់ទូទាត់ខ្ទង់ចំណាយមួយចំនួនដែលពាក់ព័ន្ធដើម្បីធានាជោគជ័យនៃសន្និសីទកំពូលអាមេរិកកូរ៉េខាងជើង តាមគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមិថុនា ។
តាម Reuter ដែលដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី Ng Eng Hen នៅថ្ងៃទី ២ ខែមិថុនាកន្លងមកឲ្យដឹងថា សិង្ហបុរីត្រៀមហិរញ្ញវត្ថុដើម្បីទូទាត់ចំណាយមួយរួមមានចំណាយសន្តិសុខសម្រាប់ជួបជាប្រវត្តិសាស្ត្ររវាងអាមេរិក-កូរ៉េខាងជើង ។ លោក Ng Eng Hen បានចេញសេចក្តីប្រកាសព័ត៌មានមិនយូរប៉ុន្មានក្រោយពេលលេចឮការជជែកវែកញែកទាក់ទិនដល់បញ្ហាថាតើនរណាជាអ្នកទូទាត់ខ្ទង់ចំណាយនៅសណ្ឋាគារទំនើបសម្រាប់លោកគីម ជុងអ៊ុន ពេលមកដល់សិង្ហបុរី ។
មុននោះកូរ៉េខាងជើងប្រកាសថា នឹងមិនទូទាត់ទាំងស្រុងចំពោះវិក្ក័យបត្រទាំងឡាយក្នុងអំឡុងពេលដែលប្រតិភូនេះ ស្នាក់នៅសិង្ហបុរី ។ ក្រុងវ៉ាស៊ីនតោនវិញក៏មិនអាចទូទាត់ ឬសងជំនួសបាន ព្រោះបែបនេះវានឹងបំពានលើបទបញ្ជាទណ្ឌកម្មសេដ្ឋកិច្ចដែលកន្លងមកត្រូវបានអនុវត្តចំពោះក្រុងព្យុងយ៉ាង ។ អាស្រ័យហេតុនេះ អាមេរិកកំពុងពិនិត្យចំណើររបស់ម្ចាស់ផ្ទះសិង្ហបុរី ក្នុងការទូទាត់ថ្លៃសណ្ឋាគាររបស់លោកគីម ជុងអ៊ុន និងប្រតិភូរួមដំណើរ ។
តាម Washinton Post លោកគីមជុងអ៊ុន មានគម្រោងស្នាក់នៅសណ្ឋាគារផ្កាយប្រាំ Fullerton នៅសិង្ហបុរី ក្នុងពេលចូលរួមសន្និសីទកំពូល ។ ថ្ងៃបន្ទប់ធម្មតានៅសណ្ឋាគារនេះក្នុង១យប់ ៤១៥ដុល្លារ ប៉ុន្តែសម្រាប់ឥស្សរជនសំខាន់ៗ ឬមេដឹកនាំ វាមានតម្លៃ ៦.០០០ដុល្លារ/១យប់ ។
សណ្ឋាគារ Ng Eng Hen កន្លែងមេដឹកនាំគីម ជុងអ៊ុន ស្នាក់នៅក្នុងអំឡុងសន្និសីទកំពូល
បច្ចុប្បន្ននេះ គេនៅពុំទាន់មានព័ត៌មានផ្លូវការណាមួយអំពីទីកន្លែងប្រព្រឹត្តទៅនៃជំនួបត្រាំ-គីម ។ ក្រុមអ្នកវិភាគព្យាករណ៍ថា សណ្ឋាគារ Shangri-La និង Capella អាចជាកន្លែងល្អសម្រាប់ជ្រើសរើស ។ ទន្ទឹមនោះវិមានប្រធានាធិបតីសិង្ហបុរី -Istana ក៏ជាកន្លែងមួយផងដែរសម្រាប់ការជ្រើសរើស ៕ សូយន