ភ្នំពេញ ៖ ម៉ូតូម៉ាកនិចមួយគ្រឿង ត្រូវបានក្រុមជនសង្ស័យមានគ្នាជិត១០នាក់ធ្វើសកម្មភាពវាយប្លន់យកទៅបាត់ដោយសុត្ថិភាព ខណៈម្ចាស់ម៉ូតូជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ ហើយគាប់ជួន ក្រុមជនសង្ស័យមកដល់ក៏បានធាក់ផ្តួលគំរាមប្លន់យកម៉ូតូតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងអំពើប្លន់នេះមិនមានគ្រោះថ្នាក់នោះទេ។
អំពើវាយប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីយប់ ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីនៅតាមបណ្តោយផ្លូវ៣១៣ ក្បែរហាង Street Food ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយក្រុមចោរ ៨ នាក់ ប្រើប្រាស់ដាវដេញកាប់ជនរងគ្រោះឲ្យភ័យរត់ចោលម៉ូតូ ហើយឆ្លៀតឱកាសលើកយកម៉ូតូជិះគេចខ្លួន។
បើតាមជនរងគ្រោះបញ្ជាក់ថា គាត់មានឈ្មោះ យ៉េន មុំ អាយុ២២ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស្ទួចបង្កង ស្នាក់នៅកន្លែងធ្វើការ។ ចំណែកម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅនោះ ម៉ាក Suzuki Nex ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GX-3357។
ជនរងគ្រោះបន្តអោយដឹងទៀតថា នៅមុនពេលកើតហេតុ បន្ទាប់ពីបិទហាងហើយនោះ គាត់បានជិះម៉ូតូទៅទិញនំប៉័ងនៅម្ដុំផ្សារមាន់អាំង។ លុះពេលជិះត្រឡប់មកវិញ ពោលគឺខណៈជិះម៉ូតូបណ្ដើរនិយាយទូរស័ព្ទបណ្ដើរមកជិតដល់កន្លែងធ្វើការទៅហើយនោះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៨នាក់ ជិះម៉ូតូ៤គ្រឿង មានម៉ាក និច និងម៉ាក ហុងដាឌ្រីមសង់ សេ១២៥ បានជិះមកពីក្រោយទន្ទឹមនឹងម៉ូតូគាត់ រួចពួកគេធ្វើសកម្មភាពធាក់ឲ្យខ្លួនដួលម៉ូតូ។ បន្ទាប់មក ក្រុមជនសង្ស័យ បានដកដាវបម្រុងដេញកាប់ប្រហារមកលើខ្លួន ធ្វើឲ្យភ័យរត់ចោលម៉ូតូ ទើបពួកគេឆ្លៀតឱកាសលើកម៉ូតូជិះចេញទៅបាត់ដោយសុត្ថិភាព។
ជនរងគ្រោះ បញ្ជាក់ថា ភ្លាមៗនោះ គាត់បានទូរស័ព្ទហៅមិត្តភ័ក្ដនៅហាង ព្រោះហាង និងកន្លែងកើតហេតុនៅជិតគ្នា ចម្ងាយប្រហែល១០០ម៉ែត្រ ឲ្យគេយកម៉ូតូជិះដេញតាមក្រុមជនសង្ស័យ រហូតដល់រង្វង់មូលកួចកាណុង-ជ្រោយចង្វារ ទើបបាត់ដានជនសង្ស័យ ហើយក៏នាំគ្នាត្រឡប់ក្រោយជិះឌុបគ្នា ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកក់ទី២ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា តាមចាប់មកដាក់ទោសទៅតាមច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ