ភ្នំពេញ៖ រាជរដ្ឋាភិបាលគ្រោងនឹងពង្រីកការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយ សារជំងឺកូវីដ១៩ និងការហក់ឡើងនៃអត្រាអតិផរណា ប្រមាណជា ៥ម៉ឺនគ្រួសារបន្ថែម។ ការរផ្តល់បណ្ណសមធម៌ និងការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺធ្វើឡើងដោយមិនរើសអើងនិន្នាការនយោបាយឡើយ គឺផ្តល់ទៅគ្រប់គ្រួសារទាំងអស់ ដែលត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពក្រីក្រពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា សម្តេចនឹងណែនាំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យរកវិធីបង្កើនការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងអតិផរណាចពី ២ម៉ឺន ទៅ ៥ម៉ឺននាក់បន្ថែមទៀត បើទោះបីជាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៤០លានដុល្លាសម្រាប់ជួយពលរដ្ឋងាយរងគ្រោះជារៀងរាល់ខែក៏ដោយ។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល ក៏នៅតែបន្តអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គិតចាប់ពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់ខែមិថុនា ឆ្នាំ២០២០ មកដល់ខែកញ្ញា ឆ្នាំ២០២២ មានចំនួន ១០ជុំរួចមកហើយ ដោយរាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារ។
គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ -១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ កម្មវិធីនេះ មានគោលបំណងផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ប្រមាណជាង ៦៨ ម៉ឺនគ្រួសារ មានសមាជិកប្រមាណជិត ៣លាននាក់៕